TA X2
· 04-13
លោក Trump៖ ជនអន្តោប្រវេសន៍ បង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ តែការសិក្សាបង្ហាញផ្ទុយ
#ព័ត៌មាន# #ជនអន្តោប្រវេសន៍# #ព័ត៍មានអន្តរជាតិ#
4724
លោក Donald Trump កំពុងចោទប្រកាន់ជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ថា បានបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ ដែលនេះជាផ្នែកមួយនៃយុទ្ធនាការរបស់លោក ក្នុងការដណ្ដើមយកកៅអីសេតវិមានមកវិញ ដោយបាននិយាយឡើងវិញនូវវោហាសាស្ត្រដែលលោកធ្លាប់ប្រើអំឡុងពេលប្រជែងកាលពីអាណត្តិមុន សម្រាប់តំណែងប្រធានាធិបតី។ ប៉ុន្តែការសិក្សាបង្ហាញថា ជនអន្តោប្រវេសន៍មិនទំនងជាពាក់ព័ន្ធនឹងបទឧក្រិដ្ឋនោះឡើយ។
សមាជិករបស់គណបក្សសាធារណរដ្ឋដែលជាអតីតប្រធានាធិបតីអាមេរិក គឺលោក Trump ដែលកំពុងប្រជែងជាមួយប្រធានាធិបតីលោក Joe Biden ក្នុងការបោះឆ្នោតខែវិច្ឆិកា បានផ្តោតលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ដែលជាផ្នែកនៃអំណះអំណាងរបស់លោក ដើម្បីមានច្បាប់គ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង។ លោក Trump និយាយថា គោលនយោបាយរបស់លោក Biden មានភាពធូររលុងហួសហេតុពេក ហើយបានឲ្យឈ្មោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនអន្តោប្រវេសន៍នៅក្នុងប្រទេសដោយខុសច្បាប់ថា ជា «ឧក្រិដ្ឋកម្មជនអន្តោប្រវេសន៍ Biden»។
លោក Trump បានប្រើវាក្យស័ព្ទដែលមិនផ្ដល់តម្លៃមនុស្ស ដើម្បីពណ៌នាអំពីជនអន្តោប្រវេសន៍ នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ រហូតប្រៀបប្រដូចពួកគេទៅនឹង «សត្វ» នៅពេលនិយាយចោទប្រកាន់អំពើឧក្រិដ្ឋ ចំពោះពួកគេ ហើយនិយាយថា ពួកគេកំពុង «បំពុលសរសៃឈាមរបស់ប្រទេសយើង» ជាឃ្លាមួយដែលបាននាំឲ្យមានការរិះគន់ថា ជាសម្ដីស្អប់ខ្ពើមជនបរទេស និងបន្ទរតាមវោហាសាស្ត្ររបស់ណាស៊ី។
ជាការឆ្លើយតបទៅនឹងការរិះគន់នេះ លោក Trump បាននិយាយថា លោកមិនដឹងថា មេដឹកនាំផ្តាច់ការអាល្លឺម៉ង់លោក Adolf Hitler (អាដុល ហ៊ីត្លែរ) បានប្រើភាសាស្រដៀងគ្នានេះនោះទេ។ ថ្មីៗនេះ លោក Trump និងគណបក្សសាធារណរដ្ឋ បានផ្តោតលើករណីរបស់នាង Laken Riley និស្សិតគិលានុបដ្ឋាយិកាវ័យ ២២ឆ្នាំមកពីរដ្ឋ Georgia ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់ដោយជនជាតិវ៉េណេហ្ស៊ុយអេឡា នៅក្នុងប្រទេសដោយខុសច្បាប់។
តែយ៉ាងណាក្ដី ផ្ទុយពីការចោទប្រកាន់របស់លោក Trump នេះ ការសិក្សាជាច្រើនដោយសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ បានបង្ហាញថា ជនអន្តោប្រវេសន៍មិនបានប្រព្រឹត្តបទឧក្រិដ្ឋក្នុងអត្រាខ្ពស់ជាងជនជាតិអាមេរិកម្ចាស់ប្រទេសនោះទេ។ ហើយជាមួយគ្នានេះ មានការសិក្សាបន្ថែមទៀត ផ្ដោតជាពិសេសលើឧក្រិដ្ឋកម្មក្នុងចំណោមជនអន្តោប្រវេសន៍រស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ប៉ុន្តែក៏រកឃើញដែរថា ពួកគេមិនបានប្រព្រឹត្តបទឧក្រិដ្ឋក្នុងអត្រាខ្ពស់នោះឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោកBiden និង លោកTrump ប្រមូលផ្តុំគ្នានៅរដ្ឋចចា ខណៈការប្រកួតឡើងវិញឆ្នាំ ២០២៤ កាន់តែកៀក
លោក Trump អញ្ជើញលោក Biden ឲ្យឡើងតទល់គ្នា «ពេលណាក៏បាន» ក្រោយឈ្នះ Super Tuesday
រដ្ឋអាជ្ញាពិសេសជំរុញឱ្យតុលាការកំពូលអាមេរិក បដិសេធសំណើសុំអភ័យឯកសិទ្ធិរបស់លោក Trump
ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ ឆ្នាំ២០២៣ គឺជាឆ្នាំដែលមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុត
យោបល់ទាំងអស់ (0)