TA X2
· 04-09
ការលក់វត្ថុអនុស្សាវរីយ៍នយោបាយកើនឡើង នៅប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតរបស់ប្រជាជនឥណ្ឌា ១ពាន់លាននាក់
#ព័ត៌មាន# #ការបោះឆ្នោត# #ព័ត៍មានអន្តរជាតិ#
2954
ប៉ុន្មានសប្តាហ៍មុនពេលប្រទេសឥណ្ឌាឈានទៅដល់ការបោះឆ្នោតរយៈពេល ២ខែ ដែលមានអ្នកបោះឆ្នោតជិត ១ពាន់លាននាក់នោះ អ្នកធ្វើផលិតផល ឬវត្ថុអនុស្សាវរីយ៍របស់គណបក្សនយោបាយ និងទង់ជាតិ កំពុងពង្រីកប្រតិបត្តិការ និងធ្វើការបន្ថែមម៉ោង ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើង។
ដោយថ្ងៃបោះឆ្នោតដំបូងនៃការបោះឆ្នោត ៧ដំណាក់កាលនៅថ្ងៃទី១៩ ខែមេសា ដែលកាន់តែកៀកមែនទែនហើយនោះ រោងចក្រកាត់ដេរកំពុងប្រែក្លាយជាបណ្ដោះអាសន្ន ដែលជាធម្មតាផលិតតសម្លៀកបំពាក់សារី (សម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីឥណ្ឌា) ទៅជាមជ្ឈមណ្ឌលផលិតកម្ម សម្រាប់ទង់ជាតិ និងបដាបោះឆ្នោត។
ម្ចាស់រោងចក្រមួយឈ្មោះ Mukesh Agarwal បាននិយាយថា៖ «ទំនិញថោកបំផុត និងល្អបំផុតដែលប្រើសម្រាប់យុទ្ធនាការនយោបាយ គឺបដា និងទង់ជាតិ»។ ហើយយោងតាមលោក Agarwal បានឲ្យដឹងថា មានរោងចក្រធ្វើស្រដៀងគ្នានេះ រហូតដល់ទៅ ៤០ នៅ Mathura ដែលជាទីក្រុងសម្បូរប្រាសាទ នៅ Uttar Pradesh ដែលជារដ្ឋធំបំផុត និងជាសមរភូមិនយោបាយដ៏សំខាន់មួយរបស់ឥណ្ឌា។ ទំនិញសម្រាប់ការបោះឆ្នោត គឺជាអាជីវកម្មដែលមានតម្លៃទាប និងបរិមាណខ្ពស់ ដោយតម្លៃនៃផ្លាកសញ្ញាគណបក្សអាចមានចាប់ពី ១រូពី (០,០១ដុល្លារ)។
លោក Gulshan Khurana អគ្គលេខាធិការនៃសមាគមពាណិជ្ជករ នៅក្នុងទីផ្សារ Sadar Bazar នៃទីក្រុង Delhi បាននិយាយថា គណបក្សនយោបាយចំណាយប្រាក់ពី ៣០ពាន់លានទៅ ៥០ពាន់លានរូពី លើទំនិញបោះឆ្នោត ដោយបង្កើតការងារបានរហូតដល់ ១០លានកន្លែង។ លោក Khurana បាននិយាយថា មានការកើនឡើងជិត ៣០ភាគរយ នៅក្នុងអាជីវកម្មនេះ បើធៀបនឹងការបោះឆ្នោតចុងក្រោយ កាលពីឆ្នាំ២០១៩ នៅពេលដែលគណបក្ស Bharatiya Janata Party (BJP) របស់លោក Narendra Modi បានចំណាយខ្ពស់បំផុត ដើម្បីរក្សាអំណាចរបស់ខ្លួន។
ការស្ទង់មតិមួយកាលពីសប្តាហ៍មុន បានព្យាករពីការឈ្នះយ៉ាងងាយស្រួល សម្រាប់ក្រុមចម្រុះដែលគាំទ្រដោយលោក Modi។ តែអំឡុងការចេញផ្សាយសេចក្តីថ្លែងការណ៍របស់គណបក្សខ្លួន កាលពីថ្ងៃសុក្រ (ទី៥ ខែមេសា) អ្នកនយោបាយប្រឆាំង លោក Rahul Gandhi របស់គណបក្ស Indian National Congress (INC) បាននិយាយថា ការបោះឆ្នោត គឺ «កាន់តែច្បាស់លាស់ជាងការឃោសនា»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)