TNAOT News

· 03-28

គ្រួសារសេដ្ឋីវៀតណាម បានរងការចោទប្រកាន់ថាបានបោកប្រាស់លុយ ៤២ លានដុល្លារ

#NEW NEWS# #ព័ត៌មាន# #ជនបោកប្រាស់# #តុលាការប្រជាជនទីក្រុងហូជីមិញ# #ប្រទេសវៀតណាម# #ព័ត៍មានអន្តរជាតិ# #ការចោទប្រកាន់#

6562

លោក Tran Qui Thanh អតីតប្រធានក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅប្រទេសវៀតណាម គឺក្រុមហ៊ុន Tan Hiep Phat រួមជាមួយនឹងកូនស្រីពីរនាក់របស់លោក នឹងត្រូវកាត់ទោសនៅខែក្រោយនេះហើយ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទលួចបន្លំប្រាក់ចំនួនជាង ១ទ្រីលានដុង ប្រមាណ ៤២លានដុល្លារអាម៉េរិក។

 ជនជាប់ចោទទាំងបីនាក់ជាគ្រួសារតែមួយនេះ នឹងត្រូវបានតំណាងដោយមេធាវីចំនួន ៤នាក់ នៅក្នុងតុលាការប្រជាជនទីក្រុងហូជីមិញ ខណៈដែលស្ថាប័នចំនួន ៣៥ ពាក់ព័ន្ធនឹងករណីនេះក៏នឹងធ្វើការបង្ហាញខ្លួននៅក្នុងតុលាការនៅពេលនោះផងដែរ។ ក្រុមរដ្ឋអាជ្ញាវៀតណាមបានចោទប្រកាន់ថា លោក Thanh និងកូនស្រីរបស់លោកពីរនាក់ទៀតបានផ្តល់ប្រាក់កម្ចីដល់បុគ្គលមួយចំនួនក្នុងអត្រាការប្រាក់ខ្ពស់ប្រចាំខែ ៣% ហើយជំនួសឱ្យការទទួលបានប្រាក់កម្ចីតាមកិច្ចសន្យាភ្ជាប់ដោយវត្ថុបញ្ចាំនោះ លោក Thanh បានបង្ខិតបង្ខំអ្នកខ្ចីឱ្យចុះហត្ថលេខាលើកិច្ចសន្យាលក់ទ្រព្យសកម្មរបស់ពួកគេ មកឱ្យខ្លួនលោកផ្ទាល់ ដោយផ្ដល់តម្លៃថោក ក្រោមតម្លៃទីផ្សារទៅទៀត។

ក្រុមរដ្ឋអាជ្ញាវៀតណាមបានបន្ថែមថា នៅពេលអ្នកខ្ចីបានសងថ្លៃដើម និងការប្រាក់ពេញលេញរួចហើយ លោក Thanh ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនព្រមប្រគល់ទ្រព្យបញ្ចាំទៅឱ្យម្ចាស់ដើមគេវិញទេ ដោយអះអាងថា អ្នកខ្ចីបានបាត់បង់សិទ្ធិទទួលបានទ្រព្យរបស់ពួកគេមកវិញហើយ ដោយសារតែពួកគេបានបំពានលើកិច្ចសន្យា។ លោក Thanh ក៏ត្រូវបានចោទថា បានដាក់សម្ពាធលើអ្នកខ្ចីប្រាក់ឱ្យធ្វើការទូទាត់ចំនួនប្រាក់ខ្ពស់ជាងប្រាក់ដើមដែលបានព្រមព្រៀងគ្នាផងដែរ។ ក្រុមគ្រួសារនេះត្រូវបានចោទប្រកាន់ថាយកថវិកាចំនួន ៤២លានដុល្លារ ចាប់ពីខែ មករា ឆ្នាំ២០១៩ ដល់ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈគម្រោងបែបនេះ ហើយពេញមួយដំណើរការស៊ើបអង្កេតករណីនេះ លោក Thanh និងកូនស្រីពីរនាក់ របស់លោកតែងតែបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។ តុលាការរបស់ប្រជាជនទីក្រុងហូជីមិញ នឹងបើកសវនាការចាប់ពីថ្ងៃទី២៣-២៥ ខែមេសាខាងមុខនេះ ជុំវិញសំណុំរឿងរបស់លោក Thanh អាយុ ៧១ ឆ្នាំ និងកូនស្រីរបស់លោកពីរនាក់ទៀត គឺលោកស្រី Tran Uyen Phuong អាយុ ៤៣ ឆ្នាំ ជាអគ្គនាយករង ក្រុមហ៊ុនតាន់ ហៀប ផាត និង លោក ស្រី Tran Ngoc Bich អាយុ ៤០ ឆ្នាំជាអតីតនាយកក្រុមហ៊ុនមួយនេះផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស