TNAOT News

· 03-25

មើលដល់ចប់ ទើបដឹងថាជីវិតប្អូនប្រុសសុវណ្ណ មានភាពតស៊ូប៉ុណ្ណា

#ជីវិតស៊ូ# #ជញ្ជូនបន្លែ# #ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម#

6289


ជីវិតរស់នៅរាល់ថ្ងៃ គ្មានអ្នកណាម្នាក់ដែលថាចង់លំបាកនោះទេ!  មនុស្សម្នាក់ៗតែងខិតខំប្រឹងប្រែងដើម្បីបន្ដជីវិតរស់នៅ អ្នកខ្លះក៏រកប្រាក់បានច្រើនក្នុងមួយថ្ងៃអាចសល់ទុកសន្សំ អ្នកខ្លះទៀតរកថ្ងៃនេះ គ្រប់គ្រាន់តែចំណាយសម្រាប់ថ្ងៃនេះ ចំណែកឯអ្នកខ្លះទៀតក៏រកមិនទាំងគ្រប់សម្រាប់មួយថ្ងៃៗផង។ មិនខុសគ្នាប៉ុន្មានពីជីវិតរបស់ប្អូនប្រុសសុវណ្ណ ដែលធ្វើការជាអ្នកលើកនិងជញ្ជូនបន្លែបោះដុំតាមរ៉ឺម៉ក មិនសូវបានដេកពួន និងត្រូវធ្វើការអស់កម្លាំងរាល់ថ្ងៃ ចំណែកឯប្រាក់វិញក៏រកមិនដែលសល់ដែរ។

 

ប្អូនសុវណ្ណ មានអាយុ ១៧ឆ្នាំ ជាសិស្សកំពុងសិក្សានៅវិទ្យាល័យ ថ្នាក់ទី១០ ប្អូនជាក្មេងកំព្រាម្ដាយតាំងពីតូចមកម្ល៉េះ ចំណែកលោកឪពុកមានអាយុជាង ៦០ឆ្នាំ ហើយរាល់ថ្ងៃមានជំងឺប្រចាំទៀត ដូច្នេះហើយគឺទៅណាមិនបានឆ្ងាយទេ គឺមានតែសម្រាននៅផ្ទះ ខណៈប្អូនសុវណ្ណជាអ្នករ៉ាប់រងលើថ្លៃហូបចុក ស្នាក់នៅ និងចំណាយផ្សេងៗ។ ជាធម្មតា សុវណ្ណ តែងតែងើបពីគេងនៅម៉ោង ៦ព្រឹក ដើម្បីរៀបចំខ្លួន ក៏ដូចជាអាហារសម្រាប់លោកឪពុក និងខ្លួនឯងដែរ នៅពេលរួចរាល់ហើយទើបចេញដំណើរទៅរៀននៅវិទ្យាល័យ រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបត្រលប់មកផ្ទះវិញ ហើយរៀបចំអាហារថ្ងៃត្រង់ដើម្បីស្រុសស្រូបជាមួយលោកឪពុក និងសម្រាកពេលថ្ងៃ ៣ ទៅ ៤ម៉ោងទៀត។ ស្ដាប់ទៅដូចជាមិនសូវជាលំបាកប៉ុន្មានទេ ប៉ុន្ដែនៅពេលសារព័ត៌មាន TNAOT APP សាកសួរបន្ថែមទៅកាន់ប្អូនប្រុសពីមុខរបបរបស់ប្អូនសព្វថ្ងៃនេះ ទើបដឹងថាប្អូនប្រឹងប្រែងតស៊ូយ៉ាងណាខ្លះ….។


ប្អូនប្រុសសុវណ្ណ៖ បាទបងជារៀងរាល់ម៉ោង៤ខ្ញុំតែងតែយករ៉ឺម៉ករបស់លោកឪពុកខ្ញុំដែលបន្សល់ទុកឱ្យមួយ ទៅដឹកជញ្ជូនបន្លែពីរថយន្តធំៗដែលមកពីចម្ការកសិករពីបណ្ដាខេត្តនានាចូលមករាជធានីភ្នំពេញ ដើម្បីយកបន្លែទាំងនោះទៅឱ្យគេបន្តនៅតាមកន្លែងបោះដុំជារៀងរាល់ថ្ងៃ ពេលខ្លះក៏ដឹកជញ្ជូនម្នាក់ឯង ពេលខ្លះទៀតក៏មានគ្នាប្រសិនបើបន្លែទាំងនោះច្រើនខ្លាំង។ ក្រោយដឹកជញ្ជូនអស់ជាច្រើនជើង ហើយគឺដល់ម៉ោងប្រហែលជា៧ ទៅ៨យប់ ខ្ញុំតែងតែឆ្លៀតទៅផ្ទះដើម្បីរៀបចំអាហារសម្រាប់លោកឪពុក រួចនឹងចេញមកដឹកម្ដងទៀត ដើម្បីជួយលើកបន្លែរបស់ថៅកែនៅកន្លែងលក់ ដើម្បីយកទៅបោះឱ្យអ្នកលក់តាមផ្សារម្តង ដែលជាម៉ូយរបស់ថៅកែនោះ។ មិនតែប៉ុណ្ណោះ នៅពេលដែលខ្ញុំដឹកចប់អស់សព្វគ្រប់ហើយ ខ្ញុំបានទៅកាន់កន្លែងលក់ដូរវិញ ដើម្បីអង្គុយយាមបន្លែដែលទុកនោះសម្រាប់លក់នៅម៉ោងប្រហែលជា៣ ទៅ៤ទាបភ្លឺទៀត សម្រាប់អ្នកលក់តាមផ្សារមកទិញម្តង ហើយនៅចុងបញ្ចប់ទើបខ្ញុំអាចត្រលប់ទៅផ្ទះវិញបានដើម្បីសម្រាកខ្លួនបន្តិច សម្រាប់ត្រៀមទៅរៀននៅព្រឹកស្អែកជាបន្តទៀត។  

លឺបែបនេះហើយ ធ្វើឲ្យអ្នកយកព័ត៌មានយើង ពិតជាស្ងប់ស្ងែងនឹងប្អូនសុវណ្ណខ្លាំងណាស់ ចំពោះការខិតខំប្រឹងប្រែង និងភាពកត្តញូរបស់ប្អូនចំពោះអ្នកមានគុណ ហើយបងៗពិតជាកម្រនឹងបានឃើញទង្វើក្មេងប្រុសសម័យនេះខ្លាំងណាស់ ហើយវាគឺជាគម្រូដល់យុវជនខ្មែរគ្រប់រូបដែរ ពីសារព័ត៌មាន TNAOT APP សុំសរសើរដល់ទឹកចិត្តជាកូនរបស់ប្អូនប្រុស សង្ឃឹមថាប្អូនប្រុសនឹងជោគជ័យនៅថ្ងៃណាមួយមិនខាន ព្រោះភាពកត្តញូ ចិញ្ជឹមអ្នកមានគុណខ្លួនឯងគឺមិនលិចលង់ទេប្អូន ! ដូច្នេះពីក្រុមការងារសារព័ត៌មាន TNAOT_APP សូមផ្តល់ក្តីសង្ឃឹមប្អូន និង ស៊ូ-ស៊ូ Fighting បន្ដទៅមុខទៀតណាប្អូន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស