TA X2

· 03-05

លោក Shehbaz Sharif ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន

#ព័ត៌មាន# #Shehbaz Sharif# #ព័ត៍មានអន្តរជាតិ# #ប៉ាគីស្ថាន#

4876

លោក Shehbaz Sharif បានស្បថចូលកាន់តំណែង នៅថ្ងៃចន្ទ (ទី៤ ខែមីនា) នេះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីផ្លូវការជាលើកទី២ របស់ប្រទេសប៉ាគីស្ថាន ដោយការប្រារព្ធពិធីសម្បថនេះ កើតមានឡើងក្នុងរយៈពេលជិត ៤សប្តាហ៍បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជាតិមិនដាច់ស្រេច បានបណ្តាលមានការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។


លោក Sharif វ័យ ៧២ឆ្នាំ បានចូលកាន់តំណែងជាផ្លូវការ ក្នុងពិធីស្បថចូលកាន់តំណែង នៅការិយាល័យប្រធានាធិបតី ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសនេះ ដោយមានរយៈបេល ១ថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសរូបលោកជានាយករដ្ឋមន្ត្រី ទោះបីជាការសម្រេចនោះមានការតវ៉ាពីសមាជិកសភាដែលមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារក៏ដោយ។

លោក Sharif បានពាក់អាវធំបែបប្រពៃណីពណ៌ខ្មៅ ដែលហៅថា Sherwani នៅក្នុងពិធីដែលមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋ និងដែលមានការចូលរួមពីឥស្សរជនជាច្រើនមកពីក្រុមស៊ីវិល យោធា ការិយាធិបតេយ្យ និងស្ថាប័នផ្សេងទៀត។

ការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ត្រូវបានរំខានដោយការបិទអ៊ីនធឺណិតតាមទូរសព្ទ ការចាប់ខ្លួន និងអំពើហិង្សា នៅពេលត្រៀមរៀបចំ និងការចេញលទ្ធផលយឺតយ៉ាវខុសពីធម្មតា ដែលបង្កមានការចោទប្រកាន់ថា ការបោះឆ្នោតនេះមានការក្លែងបន្លំ។

គួរបញ្ជាក់ថា បេក្ខជនដែលគាំទ្រដោយលោក Khan ទទួលបានអាសនៈច្រើនជាងគេ ប៉ុន្តែគណបក្ស Pakistan Muslim League-Nawaz (PML-N) និងគណបក្ស Pakistan People's Party (PPP) បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះ។ គណបក្ស PML-N ត្រូវបានដឹកនាំដោយបងប្រុសរបស់លោក Shehbaz Sharif ដែលជានាយករដ្ឋមន្ត្រី ៣សម័យកាល គឺលោក Nawaz Sharif ប៉ុន្តែលោកបានសម្រេចចិត្តមិនកាន់តំណែងជានាយករដ្ឋមន្ត្រីនោះទេ៕


https://www.reuters.com/world/asia-pacific/pakistans-shehbaz-sharif-takes-oath-prime-minister-2024-03-04/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)