TA X2

· 03-04

លោក Trump ឈ្នះការបោះឆ្នោតបឋមក្នុងរដ្ឋចំនួនបីទៀតរបស់សហរដ្ឋអាមេរិក

#Donald Trump# #ព័ត៌មាន# #ការបោះឆ្នោត# #ព័ត៍មានអន្តរជាតិ#

5585

លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍ (០២ មីនា) បានឈ្នះការបោះឆ្នោតបឋមពីសមាជិកគណបក្សសាធារណរដ្ឋ យ៉ាងងាយស្រួលក្នុងរដ្ឋ មីឈីហ្កែន (Michigan) ជាទីដែលគណបក្សនេះមានជម្លោះផ្ទៃក្នុង ដោយសមាជិកបក្សសាធារណរដ្ឋមួយចំនួនភ័យខ្លាចថាអាចប៉ះពាល់ដល់យុទ្ធនាការរបស់លោក ត្រាំ នៅក្នុងរដ្ឋសមរភូមិដ៏សំខាន់ ខណៈដែលលោកត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសកលក្នុងខែវិច្ឆិកា។


យោងតាមស្ថាប័នស្រាវជ្រាវ អ៊ីឌីសុន (Edison) បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិករូបនេះក៏បានឈ្នះការបោះឆ្នោតនៅរដ្ឋ មីសសួរី (Missouri) និងរដ្ឋ អ៊ីដាហូ (Idaho) ពីសមាជិកបក្សសាធារណរដ្ឋ កាលពីថ្ងៃសៅរ៍ផងដែរ។


នៅក្នុងរដ្ឋទាំងបី លោក ត្រាំ បានផ្ដួលលោកស្រី នីកគី ហាលី (Nikki Haley) ដែលជាគូប្រជែងចុងក្រោយរបស់ខ្លួនសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ដោយជំរុញឱ្យលោកកាន់តែខិតទៅជិតការក្លាយជាអ្នកប្រជែងតំណែងសេតវិមានរបស់គណបក្សខ្លួន ហើយទំនងជាត្រូវជួបគ្នាម្ដងទៀតក្នុងបោះឆ្នោតឡើងវិញជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលជាសមាជិកបក្សប្រជាធិបតេយ្យ។

ជាមួយនឹងជ័យជម្នះនៅរដ្ឋ អ៊ីអូវ៉ា (Iowa) រដ្ឋ ញ៉ូវហែមសៀ (New Hampshire) រដ្ឋ ណេវ៉ាដា (Nevada) ប្រជុំកោះ វើជិន (Virgin) និងរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) ហើយឥឡូវនេះបានឈ្នះនៅរដ្ឋ មីឈីហ្កែន រដ្ឋ មីសសួរី និងរដ្ឋ អ៊ីដាហូ បន្ថែមទៀត លោក ត្រាំ គឺជាបេក្ខជននាំមុខឆ្ងាយក្នុងការប្រណាំងនេះ ខណៈលោកស្រី ហាលី នៅតែបន្តប្រយុទ្ធដោយមានការគាំទ្រពីម្ចាស់ជំនួយដែលចង់បានជម្រើសផ្សេងជំនួសឱ្យអតីតប្រធានាធិបតីរូបនេះ៕



https://www.aljazeera.com/news/2024/3/3/trump-wins-republican-caucuses-in-michigan-missouri-idaho

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)