TA X2

· 03-02

មេដឹកនាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងកាន់តែល្អជាមួយជប៉ុន ជួយរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង

#កូរ៉េខាងត្បូង# #Yoon Suk Yeol# #ព័ត៌មាន# #ការគំរាមកំហែង# #ព័ត៍មានអន្តរជាតិ#

6820

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅថ្ងៃសុក្រ (ទី១ ខែមីនា) នេះ បាននិយាយថា ទំនាក់ទំនងកាន់តែល្អប្រសើរឡើងជាមួយប្រទេសជប៉ុន កំពុងជួយរារាងការគំរាមកំហែងពីការអភិវឌ្ឍន៍អាវុធរបស់ទីក្រុងព្យុងយ៉ាង ហើយបានអំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិ ដើម្បីជួយនាំឲ្យមានការបង្រួបបង្រួមជាមួយកូរ៉េខាងជើង។


ក្រោមការគ្រប់គ្រងបែបអភិរក្សនិយមរបស់លោក Yoon ទីក្រុងសេអ៊ូលបានស្វែងរកការមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយទីក្រុងតូក្យូដែលពោរពេញដោយរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនឆ្នាំជាមួយគ្នា នៅពេលដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើង ហើយកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏វិវត្តទៅមុខជាលំដាប់ឥតឈប់ឈរដូចគ្នាដែរ។


ក្នុងអំឡុងពេលពិធីប្រារព្ធពិធីបុណ្យឯករាជ្យមួយ លោក Yoon បាននិយាយថា ឆ្នាំក្រោយនឹងក្លាយជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតប្រក្រតីជាមួយប្រទេសជប៉ុន ហើយលោកសង្ឃឹមថា វាអាចជាឱកាស ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីឈានដល់ «កម្រិតខ្ពស់ជាងនេះ»។

ក្នុងសុន្ទរកថាដើម្បីរំលឹកដល់ការបង្កើតចលនាឯករាជ្យប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន ពីឆ្នាំ ១៩១០-១៩៤៥ លើកូរ៉េ លោកបានលើកឡើងថា ឥឡូវនេះ កូរ៉េខាងត្បូង និងជប៉ុនកំពុងធ្វើការរួមគ្នាដើម្បីជម្នះលើអតីតកាលដ៏ឈឺចាប់ និងឆ្ពោះទៅរក «ពិភពលោកថ្មី»។ លោកបានបន្ថែមថា៖ «កិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំង២ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានពង្រឹងបន្ថែមទៀត»។


ជាមួយគ្នានោះ អំឡុងសុន្ទរកថារបស់លោកនោះ លោក Yoon បាននិយាយថា ទីក្រុងសេអ៊ូលនឹងត្រូវការជំនួយពីអន្តរជាតិ សម្រាប់ការបង្រួបបង្រួមជាមួយកូរ៉េខាងជើង នាពេលអនាគត។ លោកបានបញ្ជាក់ថា៖ «ការបង្រួបបង្រួម គឺជាកិច្ចការដ៏លំបាកមួយដែលយើងមិនអាចសម្រេចបានតែម្នាក់ឯងនោះទេ។ សហគមន៍អន្តរជាតិត្រូវតែប្រមូលផ្តុំកម្លាំងគ្នាក្នុងបែបបទទទួលខុសត្រូវ»៕



https://www.reuters.com/world/asia-pacific/south-koreas-yoon-says-better-japan-ties-helping-deter-north-korea-threat-2024-03-01/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)