TA X2

· 02-29

ពាក្យសុំសិទ្ធិជ្រកកោន នៅ EU មានកម្រិតខ្ពស់បំផុត ចាប់តាំងពីវិបត្តិឆ្នាំ២០១៥-២០១៦

#EU# #ព័ត៌មាន# #បោះឆ្នោត# #ព័ត៍មានអន្តរជាតិ#

5179

ទិន្នន័យពីទីភ្នាក់ងារសហភាពអឺរ៉ុប (EU) សម្រាប់ការសុំសិទ្ធិជ្រកកោន (EUAA) បានបង្ហាញនៅថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) នេះថា ពាក្យសុំសិទ្ធិជ្រកកោន នៅ EU បានកើនឡើង ១៨ភាគរយ ដោយឡើងដល់ ១.១៤លានច្បាប់ ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុត កីតចាប់តាំងពីមានវិបត្តិជនអន្តោប្រវេសន៍ឆ្នាំ២០១៥-២០១៦។


ទិន្នន័យថ្មីនេះទំនងជានឹងជំរុញឲ្យមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកដែលមានរួចហើយ អំពីបញ្ហាទេសន្តរប្រវេសន៍ និងគំនិតស្តាំជ្រុលនិយម នៅមុនពេលមានការបោះឆ្នោតមូលដ្ឋាន និងថ្នាក់ជាតិមួយចំនួន នៅទូទាំងទ្វីបនេះ ព្រមទាំងការបោះឆ្នោតសភាអឺរ៉ុបក្នុងខែមិថុនាផងដែរ។

យោងតាមទិន្នន័យរបស់ EUAA បានឲ្យដឹងថា ជនជាតិស៊ីរី និងអាហ្វហ្គានីស្ថាននៅតែជាក្រុមអ្នកដាក់ពាក្យច្រើនជាងគេបំផុត។ នៅក្នុងនិន្នាការថ្មីមួយ ជនជាតិទួរគីបានបង្កើតជាក្រុមអ្នកដាក់ពាក្យច្រើនជាងគេបំផុតទី៣ ដោយបានដាក់ពាក្យសុំចំនួន ៨២ភាគរយច្រើនជាងឆ្នាំមុន។


របាយការណ៍នោះ បានបន្ថែមថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលដាក់ពាក្យសុំសិទ្ធិជ្រកកោន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយមានចំនួនប្រមាណជា ១១.៦០០ច្បាប់ នៅក្រោយសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយបានធ្វើការកត់សម្គាល់ថា វាពិបាកណាស់ក្នុងការចុះបញ្ជីចំនួនរបស់ពួកគេឲ្យបានត្រឹមត្រូវ ដោយសារប្រទេសជាសមាជិក EU ភាគច្រើន មិនទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយនោះទេ។

ទោះបីជាពាក្យសុំសិទ្ធិជ្រកកោនឆ្នាំ២០២៣ ស្ថិតនៅក្រោមកម្រិតឆ្នាំ២០១៦ ក៏ដោយ ក៏តួលេខនោះឈរនៅខ្ពស់ជាងគេ ជាមួយនឹងចំនួនជនជាតិអ៊ុយក្រែន ៤,៤លាននាក់ ដែលបានស្វែងរកការជ្រកកោន ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងដែលមិនចាំបាច់ដាក់ពាក្យសុំផ្លូវការនោះឡើយ នៅសហភាពអឺរ៉ុប។

ទិន្នន័យរបស់ EUAA កើតឡើង ១ខែបន្ទាប់ពីទីភ្នាក់ងារការពារព្រំដែន Frontex របស់ EU បានចុះបញ្ជីការកើនឡើងខ្ពស់បំផុតនៃការឆ្លងកាត់ព្រំដែនមិនប្រក្រតី គិតចាប់តាំងពីឆ្នាំ២០១៦។ ការមានកម្រិតខ្ពស់បែបនេះបានបង្កើតឲ្យមានពិភាក្សាគ្នា អំពីវិធីទប់ស្កាត់ជនអន្តោប្រវេសន៍ ខណៈអាជ្ញាធរមូលដ្ឋានមួយចំនួននិយាយថា មានបន្ទុកច្រើនជ្រុល៕


https://www.reuters.com/world/europe/asylum-applications-eu-highest-level-since-201516-crisis-2024-02-28/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)