TA X2

· 02-27

ក្រិកអនុម័តការចូលរួមផ្នែកយោធា ក្នុងបេសកកម្មនៅសមុទ្រក្រហមរបស់ EU

# EU# #ព័ត៌មាន# #ក្រិក# #បេសកកម្ម# #ព័ត៍មានអន្តរជាតិ#

5386

អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋាភិបាលក្រិក នៅថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) នេះ បានអនុម័តការចូលរួមរបស់ប្រទេសក្នុងបេសកកម្មកងទ័ពជើងទឹករបស់សហភាពអឺរ៉ុប (EU) នៅសមុទ្រក្រហម ដើម្បីការពារនាវាពាណិជ្ជកម្មពីការវាយប្រហារដោយកងជីវពលហ៊ួទីរបស់ប្រទេសយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ ។


ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មជាច្រើន បានបង្វែរផ្លូវធ្វើដំណើររបស់នាវា បន្ទាប់ពីមានការវាយប្រហារដោយក្រុមហ៊ួទី ដែលគ្រប់គ្រងដែនដីភាគច្រើនរបស់យេម៉ែន និងដែលនិយាយថា ពួកគេកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្វើសង្គ្រាមជាមួយគ្នានៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Pavlos Marinakis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសក្រិក បានអនុម័តសំណើរបស់រដ្ឋមន្ត្រីការពារជាតិ លោក Nikos Dendias ដើម្បីឲ្យមានការចូលរួមនៅក្នុងបេសកកម្មរបស់ EU។

រដ្ឋាភិបាលបានឲ្យដឹងថា វាជារឿងសំខាន់ក្នុងការចូលរួមក្នុងបេសកកម្មនេះ ខណៈដែលការវាយប្រហាររបស់ក្រុមហ៊ួទី បានរំខានដល់សកម្មភាពរបស់នាវាពាណិជ្ជកម្មដែលគ្រប់គ្រងដោយក្រិក នៅកំពង់ផែ Piraeus ដ៏ធំបំផុតរបស់ប្រទេស ហើយនាវាកុងតឺន័រមួយចំនួនបានឈប់ប្រើប្រាស់កំពង់ផែនេះ៕


ប្រភពពី៖ Reuters

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://www.reuters.com/world/greece-approves-military-participation-eu-red-sea-mission-2024-02-26/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)