TA X2

· 02-21

នាយករដ្ឋមន្ត្រីអ៊ុយក្រែនអំពាវនាវឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីមរណភាពរបស់លោក Navalny

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ដាក់ទណ្ឌកម្ម# #ព័ត៍មានអន្តរជាតិ#

8071

នាយករដ្ឋមន្ត្រីអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) នេះ បានជំរុញឲ្យសហភាពអឺរ៉ុប (EU) និងប្រទេសជប៉ុន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើរុស្ស៊ី បន្ទាប់ពីមរណភាពរបស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny។

ការអត្ថាធិប្បាយបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបណ្ដាប្រទេសរបស់ EU ដូចជាអាល្លឺម៉ង់ លីទុយអានី និងស៊ុយអែតជាដើម បានស្វែងរកនូវការដាក់ទណ្ឌកម្មថ្មីជាក់លាក់ បន្ទាប់ពីលោក Navalny បានស្លាប់ នៅក្នុងមន្ទីឃុំឃាំងដាច់ស្រយាល ក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានព្រមានផងដែរថា ទីក្រុងមូស្គូអាចប្រឈមនឹងផលវិបាក។

អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូ ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដើម្បីពិភាក្សាពីការស្ដារឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែន លោក Denys Shmyhal បានប្រាប់ថា៖ «យើងស្នើឲ្យអនុវត្តការដាក់ទណ្ឌកម្មនេះលើបញ្ហាសេដ្ឋកិច្ច ពោលគឺទាំងនៅក្នុងវិស័យសេដ្ឋកិច្ច និងក្នុងវិស័យនយោបាយ»។

ជាមួយគ្នានេះ លោក Shmyhal បានបន្ថែមថា ក្រុងគីវបានទន្ទឹងរង់ចាំជ័យជម្នះរបស់សភាអាមេរិក សម្រាប់កញ្ចប់ជំនួយ ដើម្បីផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងអ៊ុយក្រែន ដែលប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ ជាពិសេសគ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលអាចប្រើប្រាស់វាយប្រហារបណ្តាញផ្គត់ផ្គង់របស់រុស្ស៊ី។

គួរបញ្ជាក់ថា លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា សភារបស់លោកនឹងមិនប្រញាប់ប្រញាល់នោះទេ ក្នុងការពិចារណាកញ្ចប់ជំនួយយោធាចំនួន ៩៥,៣៤ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល បើទោះជាព្រឹទ្ធសភាផ្ដល់ការអនុម័តរួចហើយក៏ដោយ។

ចំណែករដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុជាង ១០ពាន់លានដុល្លារដល់អ៊ុយក្រែន រហូតមកដល់ពេលនេះ ប៉ុន្តែមិនបានផ្តល់ជំនួយយោធាណាមួយនៅឡើយទេ ដោយសារប្រទេសនេះហាមឃាត់ការនាំចេញអាវុធបង្កគ្រោះថ្នាក់៕

ប្រភពពី៖ Reuters

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://www.reuters.com/world/ukraine-pm-calls-fresh-sanctions-russia-after-navalnys-death-2024-02-20/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)