TNAOT News

· 02-24

អាជីករលក់ផ្លែឈើតាមកង់ត្អូញត្អែរថា៖ ទោះប្រឹងលក់មួយថ្ងៃពេញក្តី ក៏សឹងតែរកប្រាក់ចំណេញមួយរៀលមិនឃើញផងក្មួយអើយ!

#ស៊ូ-ស៊ូ Fighting# #សង្គម# #អ្នកមីង​​ចាន់ ម៉ា# #ព័ត៌មានសង្គម# #អាជីករខ្មែរ#

9566

ព្រះអាទិត្យមិនទាន់រះផង អ្នកមីងម្នាក់ត្រូវរៀបចំឥវ៉ាន់ និងបបួលគ្នីគ្នាឡើងជិះរថយន្តឈ្នួលមកលក់ផ្លែឈើ នៅទីក្រុងភ្នំពេញ ​ដើម្បីបានប្រាក់កម្រៃបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ និងចំណាយលើការសិក្សាឲ្យកូនស្រីពៅដើម្បីទទួលបានចំណេះវិជ្ជាគ្រប់គ្រាន់ជាស្ពានចម្លងសម្រាប់សម្រេចក្តីស្រមៃរបស់ពួកគេនាពេលអនាគត។​

អ្នកមីង​​ចាន់ ម៉ា ជាអ្នកលក់ ពុទ្រា លក់ទៀបបារាំង ល្ហុង ត្របែក និងសណ្តែកដីបន្តិចបន្តួចតាមកង់ ដែលជាមធ្យោបាយសម្រាប់ដើរលក់នៅដងផ្លូវមាត់ទន្លេ។ ជារៀងរាល់ថ្ងៃ មុននឹងមកលក់នៅទីនេះ អ្នកមីង ម៉ា តែងតែងើបតាំងពីព្រឹកព្រលឹមម៉ោង ៤ ទៀបភ្លឺ រៀបចំឥវ៉ាន់ដាក់តាមរថយន្តឈ្នួល​ចេញពីស្រុកស្រីសន្ទរ ខេត្តកំពង់ចាម មកលក់នៅទីក្រុងភ្នំពេញ។ អ្នកមីងបានប្រកបរបរនេះជិត ២៥ ឆ្នាំមកហើយតាំងពីកូនៗប្រុស-ស្រីបីរូបនៅតូចៗមកម្ល៉េះ។ លុះដល់កូនប្រុសពេញវ័យ ពួកគាត់ក៏បានរៀបការនិងចាកចេញពីផ្ទះដើម្បីទៅកសាងជីវិតថ្មីជាមួយភរិយារបស់គាត់រៀងៗខ្លួន ប៉ុន្តែអម្រែកនៃបន្ទុកគ្រួសាររបស់អ្នកមីងនៅមិនទាន់ធូរស្រាលឡើយ ដោយបច្ចុប្បន្ននេះអ្នកមីងត្រូវចិញ្ចឹមកូនស្រីពៅឲ្យបញ្ចប់ការសិក្សា និងមើលថែស្វាមីពិការរបស់អ្នកមីងដែរ ដែលលោកមិនអាចប្រកបរបរដើម្បីជួយសម្រាលក្នុងបន្ទុកគ្រួសារនោះទេ មានតែអ្នកមីងម្នាក់គត់ដែលដើរតួជាមេគ្រួសារដើម្បីមើលថែទាំអ្នកទាំងពីរ។

ការប្រឹងប្រែងមកលក់ទាំងខ្លួនមិនបានសម្រាកគ្រប់គ្រាន់ ណាមួយត្រូវចំណាយលើមធ្យោបាយធ្វើដំណើរ និងពេលវេលាច្រើនផងនោះ អ្នកមីង ម៉ា បានប្រាប់ក្រុមការងារសារព័ត៌មាន TNAOT ថាពីមួយថ្ងៃទៅមួយថ្ងៃ ការលក់ដូរកាន់តែស្ងាត់ទៅៗជាក់ស្តែងក្នុងថ្ងៃនេះរកប្រាក់ចំណេញមួយរៀលក៏មិនបានផង តាំងពីព្រឹកព្រលឹម រហូតដល់ពេលល្ងាចនេះ។ ហើយផ្លែឈើដែលលក់ប្រចាំថ្ងៃនេះទទួលទិញពីឈ្មួញកណ្តាល មានថ្ងៃខ្លះនៅសល់មិនអាចទុកមកលក់បន្តនោះទេ ត្រូវតម្រូវឲ្យអ្នកមីង ចែករំលែកទៅអ្នកជិតខាង និងអ្នកភូមិផងរបងជាមួយគ្នាដើម្បីបានទទួលទានទាំងអស់គ្នាផងដែរ។​ បន្ថែមពីនេះទៀត អ្នកមីង ម៉ា ក៏បានប្រាប់ក្រុមការងារសារព័ត៌មាន TNAOT បន្តទៀតថា ទោះបីជាហត់នឿយទាំងកម្លាំងកាយ និងចិត្តបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែដើម្បីសម្រេចក្តីសម្រៃរបស់ខ្លួនចង់ឲ្យកូនស្រីពៅបញ្ចប់ការសិក្សាជាមុនសិន ទើបអ្នកមីងសម្រេចចិត្តបញ្ចប់របរមួយនេះ ​ ពោលដោយសារតែខំប្រឹងលក់ដូររយៈពេលយូរឆ្នាំ ចំណែកវ័យក៏កាន់តែចាស់ល្មមដល់ពេលវេលាសម្រាកនៅផ្ទះហើយ។

ពីសារព័ត៍មាន TNAOT គ្មានអ្វីអាចជួយអ្នកមីងបានច្រើនទេ ក្រៅពីជួយជាវ និងសូមផ្តល់ជាកម្លាំងចិត្តដល់អ្នកមីង ចាន់ ម៉ា ស៊ូ-ស៊ូ and Fighting  ណាមីង! យើងខ្ញុំសូមជូនពរឲ្យអ្នកមីង លក់ដូរកាន់តែដាច់ខ្លាំងឡើងមួយកម្រិតទៀត និងមានម៉ូយជួយទិញកាន់តែច្រើនឡើងៗផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស