TNAOT News
· 2023-11-21
រឿង "ចាំកន្លែងតម្កល់រថយន្ត"
#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងខ្មោច#
7856
លោកអ្នកច្បាស់ជាធ្លាប់ឮជាក់ជាមិនខាន ចំពោះបុគ្គលណាដែលបានទទួលមរណភាពហើយច្បាស់ជាមានវិញ្ញាណនៅវិលវល់ត្រង់កន្លែងនោះ ជាក់ស្តែងនៅថ្ងៃនេះសារព័ត៌មាន TNAOT លើកយកសាច់រឿងរបស់ប្អូនប្រុសម្នាក់(សូមមិនបញ្ចេញឈ្មោះ) ដែលគាត់ធ្លាប់ជួបផ្ទាល់នូវពពួកអមនុស្ស(ខ្មោច)ចាំកន្លែង មកចែកជូនមិត្តអ្នកអានផងដែរ។
សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំបាទលើកយករឿងដ៏ចម្លែកមួយដែលបានកើតឡើងលើរូបខ្ញុំផ្ទាល់ តាមពិតទៅខ្ញុំជាអ្នករស់នៅក្នុងខេត្តកំពង់ធំទេ ប៉ុន្តែកាលពីមួយខែមុន ខ្ញុំបានជិះម៉ូតូជាមួយប្អូនប្រុសជីដូនមួយម្នាក់ ទៅលេងផ្ទះរបស់បងប្រុសបង្កើតរបស់ខ្ញុំនៅខេត្តសៀមរាប ពីព្រោះតែគាត់មានគ្រួសារនៅទីនោះ។ នៅពេលទៅដល់ផ្ទះគាត់នៅថ្ងៃដំបូង ខ្ញុំទាំងពីរនាក់មិនទាន់ចង់ដើរលេងទៅណានោះទេ ដោយសារតែអស់កំលាំងជិះម៉ូតូមកពីផ្លូវឆ្ងាយពេក។ លុះដល់ថ្ងៃទី២ ខ្ញុំនិងប្អូនជីដូនមួយ បានបបួលគ្នាជិះម៉ូតូដើរលេងនៅក្នុងទឹកដីខេត្តសៀមរាប។ ដំបូងគិតថាជិះម៉ូតូតែមួយទេ ដើម្បីកាត់បន្ថយការចំណាយ និងមិនជិះវង្វេងគ្នា ប៉ុន្តែមិនដឹងជាយ៉ាងណានោះទេ ប្អូនរបស់ខ្ញុំបែរជាចង់ជិះម៉ូតូម្នាក់មួយទៅវិញដោយគាត់ខ្ចីម៉ូតូបងប្រុសរបស់ខ្ញុំដើម្បីធ្វើដំណើរ។ រួចហើយពួកយើងក៏ចេញដំណើរទៅតាមគោលដៅតែម្តង ដំបូងជិះទៅមើលទេសភាពនៅជុំវិញទឹកដីក្រុងអង្គរ ប្រាសាទនានា និងទៅមើលភ្លើងពណ៌ ក៏ដូចជាការអភិវឌ្ឍដ៏ល្អប្រណិតនៅទីរួមខេត្តសៀមរាបផងដែរ។ រហូតដល់ម៉ោង៨ នាទីយប់ ទើបពួកខ្ញុំសម្រេចចិត្តជិះទៅផ្ទះបងប្រុសវិញ ស្របពេលនោះខ្ញុំនិងប្អូនប្រុសក៏ជិះនៅលើផ្លូវមួយ (សូមមិនបញ្ចេញឈ្មោះ) ដោយខ្ញុំជិះមុនគាត់ ហើយតែងតែក្រលែកមើលតាមកញ្ចក់ម៉ូតូពីក្រោយរហូត មួយសន្ទុះកន្លងទៅបែរជាមិនឃើញប្អូនប្រុសជិះមកជាមួយខ្ញុំនោះទេ ខ្ញុំចាប់ផ្តើមគិតនិងមានអារម្មណ៍មិនស្រួល ក៏ឈប់ម៉ូតូអែបកៀនហើយទាញទូរស័ព្ទដៃមកទាក់ទងទៅគាត់ ប៉ុន្តែដោយសារតែបណ្តោយផ្លូវនោះស្ងាត់ជ្រងំ និងស្ថិតនៅឆ្ងាយពីក្រុងទៀតនោះ ទូរស័ព្ទដៃរបស់ខ្ញុំបែរជាមិនមានសេវាសូម្បីតែមួយកាំ និងមិនអាចទំនាក់ទំនងទៅប្អូនបានឡើយ ប៉ុន្តែខ្ញុំបានព្យាយាមជាច្រើនដងដែរ នៅតែមិនអាចទាក់ទងបាន ដូច្នេះក៏គិតថា មួយសន្ទុះទៀតប្រសិនជាមិនឃើញគាត់មកទេ ខ្ញុំនឹងជិះម៉ូតូត្រឡប់ក្រោយដើម្បីដើររកគាត់។ ពេលដែលខ្ញុំឈ្ងោកចុចទូរស័ព្ទនោះ ក៏ងើបមុខមកវិញឃើញបុរសម្នាក់កំពុងឈរនៅខាងមុខឈាងខាងស្តាំខ្ញុំបន្តិច ហើយបុរសម្នាក់នោះខ្ញុំមើលមិនសូវច្បាស់ដោយសារតែមេឃងងឹត។ បើតាមការសម្គាល់របស់ខ្ញុំ បុរសម្នាក់នោះហាក់កំពុងឈរចាំឡាន ឬចាំគេមកទទួលក៏ថាបាន ព្រោះថាចេះតែក្រឡេកមើលឆ្វេង-ស្តាំដោយមិនចាប់អារម្មណ៍ពីខ្ញុំសូម្បីតែបន្តិច នេះប្រសិនជាគាត់សម្លឹងមកខ្ញុំ ប្រហែលជាខ្ញុំគិតអាក្រក់ពីគាត់ជាក់ជាមិនខាន ឬអាចប្តូរទីតាំងឈប់ចាំប្អូនជីដូនមួយក៏ថាបាន។
ស្របពេលដែលមានភ្លើងចាំងពីរថយន្តម្តងៗឃើញមុខមាត់ និងមានសម្លៀកបំពាក់ធម្មតា ប៉ុន្តែដល់ពេលមានភ្លើងជះពីរថយន្តមួយទៀត ក៏ស្រាប់តែឃើញខោអាវរបស់គាត់មានប្រឡាក់ឈាមដែលហូរស្រក់ចេញពីក្បាល និងច្រមុះ ចំណែកឯនៅគែមមាត់សងខាងវិញឃើញមានសត្វដង្កូវរស់រវើកៗចេញពីមាត់របស់គាត់ថែមទៀតផង។ ពេលដែលខ្ញុំឃើញភ្លាមៗពិតជាស្លុតចិត្ត ញញើតឡើងព្រឺសម្បុរខ្លាំងមែនទែន ចំណែកឯដៃ-ជើងវិញឡើងញ័រស្របពេលខ្យល់បក់ត្រជាក់មកប៉ះខ្លួន និងឮសម្លេងកូនសត្វយំរំពងនាតំបន់នោះថែមទៀតផង ពេលនោះគ្មានកំលាំងឯណាទៅរត់គេចខ្លួននោះទេ សូម្បីតែចង់ស្រែកក៏មិនចេញផង។ មិនយូរប៉ុន្មានក៏ស្រាប់តែមានដៃមួយតោងស្មាខ្ញុំពីក្រោយ តែការពិតជាដៃរបស់ប្អូនជីដូនមួយទេ ឃើញដូច្នេះក៏ស្ងប់ក្នុងចិត្តបានបន្តិចដោយគិតថាមានគ្នាបានគ្រាន់និយាយដែរ តែបម្រុងនឹងប្រាប់ទៅប្អូនក៏ស្រាប់តែមិនឃើញបុរសម្នាក់នោះទេ បែរជាឃើញរថយន្តចាស់ៗបាក់បែកមើលលែងយល់ ដូចធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ និងមានខ្លះទៀតប្រហែលជាទុករាប់ឆ្នាំមកហើយទើបមានដើមវល្លិដុះពីលើ។ ពេលហ្នឹងខ្ញុំគាំងស្មារតី រកនិយាយប្រាប់ប្អូនក៏មិនកើត បានត្រឹមតែអង្គុយតាំងស្មារតី និងសម្រួលអារម្មណ៍ រហូតមានកំលាំងបន្តិចអាចជិះម៉ូតូបន្តត្រឡប់ទៅផ្ទះបងប្រុសវិញ ពេលនោះប្អូនប្រុក៏សួរថា កើតអ្វីបងៗ? ជាប់រហូត ប៉ុន្តែអារម្មណ៍ខ្ញុំនៅភ័យ ដៃនៅញ័រក៏មិនទាន់ប្រាប់គាត់នោះទេ គិតថាចាំដល់ផ្ទះក៏មិនទាន់ហួសពេលដែរ។
ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែនថា ពពួលអមនុស្ស(ឬខ្មោច)មានឥទ្ធិពលខ្លាំងមែនទែន មិននឹកស្មានថាអាចបាំង ឬបំភ័ន្តភ្នែកឲ្យខ្ញុំមើលឃើញកន្លែងដែលមានរថយន្តចាស់ៗ បាក់បែកចំនួនរាប់រយ បែរជាឃើញខ្មោចបុរសម្នាក់មុខហើមៗ និងមានឈាមតាមក្បាល និងច្រមុះយ៉ាងដូច្នេះសោះ នេះប្រសិនជាឲ្យខ្ញុំបានមើលឃើញឡានចាស់ៗ ប្រហែលជាគ្មានរឿងសម្រាប់ចែករំលែកឡើយ។ បន្ទាប់ពីដល់ផ្ទះបងប្រុស ខ្ញុំមានស្មារតីគ្រប់គ្រាន់ហើយក៏និយាយប្រាប់អ្នកនៅក្នុងផ្ទះទាំងអស់ពីហេតុការណ៍ដំបូងរហូតដល់ចប់ ហើយក៏សួរទៅកាន់ប្អូនប្រុសថាជិះជាមួយគ្នាសុខៗក៏បាត់ដំណឹងសូន្យមិនឃើញអ៊ីចឹង! ហើយទៅធ្វើអ្វីបានជាយូរយ៉ាងហ្នឹង? គាត់ក៏ឆ្លើយថាពេលហ្នឹងកង់ម៉ូតូខ្ញុំជិះមិនស្រួល ក៏បន្ថយល្បឿនតិចៗដើម្បីស្វែងរកកន្លែងសប់កង់ ប៉ុន្តែមិនឃើញមានកន្លែងជួសជុលម៉ូតូណាមួយនៅបើកទ្វារនោះទេ ក៏ចេះតែបន្តដំណើរតិចៗរហូតឲ្យបងប្រុសចាំយូរយ៉ាងដូច្នេះ។ ហើយខ្ញុំក៏និយាយបន្តថា ខ្ញុំមិនដឹងថាព្រហ្មលិខិត ឬក៏យ៉ាងនោះទេ រៀបចំមកប្រទាក់ក្រឡាគ្នាល្អណាស់ បែរជាកំណត់ឲ្យខ្ញុំជួបរឿងគាប់ជួនបែបនេះទៅវិញ ប៉ុន្តែមិនជាបញ្ហាធំឡើយ ព្រោះខ្ញុំនឹងលែងធ្វើដំណើរតាមផ្លូវនោះនៅពេលយប់ទៀតហើយ។ ខ្ញុំគិតថាប្រហែលជាអ្នកសៀមរាប ស្គាល់កន្លែងរក្សាទុករថយន្តចាស់ៗនោះជាក់ជាមិនខាន គ្រាន់តែមិនមានសំណងបានឃើញពពួកអមនុស្សដូចជារូបខ្ញុំ តែប្រសិនជាមាន មិត្តអ្នកអានទាំងអស់គ្នាអាចចែករំលែកសាច់រឿងនេះនៅក្នុង Comment នៃអត្ថបទនេះបានដើម្បីឲ្យអ្នកមិត្តអ្នកអានផ្សេងៗទៀតបានដឹង និងស្គាល់ផ្លូវនោះកាន់តែច្បាស់ផងដែរ៕
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កំហឹងរបស់ជនជាតិអាល្លឺម៉ង់ឆាបឆួលកាន់តែខ្លាំង ចំពោះក្រុមហ៊ុន Tesla និងផែនការពង្រីករោងចក្ររបស់ក្រុមហ៊ុន
សង្គ្រាមអ៊ុយក្រែន៖ អ្នកស្រុកភាគខាងកើតត្រៀមខ្លួនសម្រាប់ការរុលទៅមុខរបស់រុស្ស៊ី
ច្បាប់ស្រូបទាញ! សក្តិសិទ្ធិពិតមែន មិនមែនជាមន្តអាគមន៍អីទេ តែនេះជាច្បាប់របស់ចក្រវាឡដែលនឹងកើតឡើងដោយសារតែការគិតរបស់យើងខ្លួនឯង
ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងលោក Netanyahu ខណៈសង្រ្គាមហ្កាហ្សា ឈានដល់រយៈពេលកន្លះឆ្នាំ
យោបល់ទាំងអស់ (0)