TNAOT News

· 2023-10-04

ស្វែងយល់ពីអត្ថន័យ​វេច​ «នំអន្សម» របស់ប្រជាជនខ្មែរ

#នំអន្សម# #ចំណេះដឹង# #NEW NEWS# #ចំណេះដឹងទូទៅ#

14761

រដូវ​កាល​បុណ្យភ្ជុំបិណ្ឌបានចូលមកដល់ ប្រជាជន​ខ្មែរស្ទើរ​គ្រប់​ក្រុម​គ្រួសារ តែងតែ​រៀបចំ​វេច​នំអន្សមជ្រូក អន្សមចេក នំបត់ នំគម ជា​រៀងរាល់​ឆ្នាំ មិន​ដែល​ខាន ឲ្យតែ​ដល់​រដូវ​បុណ្យ​ចូលឆ្នាំខ្មែរ ឬ​រដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​ ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ 

ឲ្យដល់បុណ្យទានម្ដងៗ មនុស្សម្នាជាច្រើនបាន​ញាប់ដៃញាប់ជើង ម្នីម្នា​រៀបចំ​វេច​នំ ​ដើម្បី​យកទៅប្រគេនព្រះសង្ឃ ឬចែកញាតិមិត្តបងប្អូនបរិភោគជុំគ្នាជាដើម។

ពាក្យ «អន្សម» តាម​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ពន្យល់​ថា៖ នំអន្សម ជា​ឈ្មោះ​នំ ធ្វើ​ដោយ​អង្ករ​ដំណើប​ខ្ចប់​ដោយ​ស្លឹក​ស្រស់ (ភាគច្រើន​ប្រើ​ស្លឹក​ចេក) មាន​រាង​មូល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​អាំង​ក៏​មាន។ 

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​វេច​នំអន្សម តាម​ជំនឿ​សាសនា ៖

យោង​តាម ឯកសារ​មួយ​ចំនួន​បាន​ឲ្យដឹង​ថា ក្នុង​សម័យ​ព្រះបាទជ័យវរន្ម័ទី៧ ប្រទេស​កម្ពុជា​ប្រកាន់ សាសនាព្រាហ្មណ៍ ហើយ​របស់​ប្រើប្រាស់ និង​សម្ភារៈភាគច្រើន​តែងតែ​មាន​ទំនាក់ទំនង​នឹង​សាសនា តួយ៉ាង​ដូចជានំអន្សម​នេះ​ជាដើម។

ក្នុង​សាសនា​ព្រាហ្មណ៍​នំអន្សម គឺ​តំណាង​ឲ្យ​លិង្គព្រះឥសូរ ចំណែក​ឯ​នំគម​វិញ គឺ​តំណាង​ឲ្យ​យោនី នាង​ឧមា ដែល​ជា​ព្រះមហេសី​របស់​ព្រះឥសូរ ដូច្នេះហើយ​ទើប​យើង​តែងតែ​ឃើញ​នំ​ប្រភេទ​នេះ​ក្នុង​ពិធី​បុណ្យទាន អម​ជាមួយ​នឹង «នំគម» ដែល​ជា​នំ​ប្រពៃណី​ខ្មែរ​។ 

ដោយសារ​ជំនឿ​សាសនាព្រាហ្មណ៍​ត្រូវ​បាន​ដក់ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ គ្រប់គ្នា​ទៅ​ហើយ​ (បើ​តាម​សាសនាព្រះពុទ្ធ ពុំ​មាន​យក​នំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មាន​តែ​សាសនាព្រាហ្មណ៍​តែ​មួយ​ប៉ុណ្ណោះ) ទើប​ខ្មែរ​យើង​យក​នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំងពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វ​ថ្ងៃនេះឯង៕

សម្រួលដោយ៖ Sun Darasy

ប្រភព៖ Freshnews

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)