TNAOT News

· 2023-08-12

Dave Leduc ប្រកាសចូលនិវត្តន៍ពីប្រដាល់ Lethwei ក្រោយចប់ការប្រកួតជាមួយ ព្រំ សំណាង

#TNAOT SPORT# #កីឡា# #ប្រដាល់អន្តរជាតិ# #Dave Leduc# #ប្រដាល់ Lethwei# #ព្រំ សំណាង#

7520

មីយ៉ាន់ម៉ា៖ ស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ប្រកាសចូលនិវត្តន៍ពីប្រដាល់ Lethwei ជាផ្លូវការបន្ទាប់ពីត្រៀមមកប្រកួតតែមួយគត់នៅកម្ពុជាក្រោម​ច្បាប់​ប្រដាល់គុន​ខ្មែរជាមួយកីឡាករព្រំ សំណាងក្នុងឆ្នាំ២០២៣នេះ ដោយសារតែកីឡាករគុនខ្មែរមិន​អាច​សុំ​ទិដ្ឋា​ការ​ (Visa) ធ្វើ​ដំណើរ​ទៅ​អឺរ៉ុបបាន ដូច្នេះការចូលរួមប្រកួតតាម​គម្រោង​នៃ​កិច្ច​សន្យា ដែល​ស្នើឡើង​ដោយ​សហ​ព័ន្ធ​កីឡា​ប្រដាល់ Lethwei ពិភព​លោក (WLF) របស់​​មី​យ៉ាន់​ម៉ាកាលពី​ថ្ងៃទី​ ២៧ ​ខែឧសភា ត្រូវ​បាន​លុប​ចោល​វិញ

នៅប៉ុន្មានម៉ោងមុននេះស្តេចប្រដាល់មីយ៉ាន់ម៉ា Leduc បង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយនិយាយពីជីវិតនៅលើវិស័យកីឡាប្រដាល់ Lethwei និងប្រាប់ពីមូលហេតុក្នុងការប្រកាសចូលនិវត្តន៍មួយនេះថា៖ នាពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងផ្តោតសំខាន់លើគ្រួសារ អាជីវកម្ម និងបើកកន្លែងហាត់ប្រាណមួយឈ្មោះ Leduc Lethwei MMA & Fitness ។ ហើយកូនប្រុសរបស់ខ្ញុំទើបតែ​មាន​អាយុ​ជិត​ពីរ​ឆ្នាំ​ទេ ខ្ញុំនឹងត្រៀមផ្តល់ចំណេះដឹង និងបង្ហាត់បង្រៀនគាត់ឲ្យចេះក្បាច់គុនប្រដាល់ដូចជារូបខ្ញុំ ដើម្បីថ្ងៃអនាគត ប្រហែលគាត់នឹងអាចប្រជែងយកខ្សែក្រវាត់ជូនមីយ៉ាន់ម៉ា។ ហើយខ្ញុំសច្ចាថានឹងគ្រវីទង់ជាតិមីយ៉ាន់ម៉ានៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅដល់។ ហើយឥឡូវនេះយើងអាចមានមោទនភាពជាខ្លាំង ដែលដឹងថាប្រដាល់មីយ៉ាន់ម៉ា Lethwei កំពុងត្រូវបានអនុវត្តនៅជុំវិញពិភពលោក ហើយការយល់ដឹងរបស់មីយ៉ាន់ម៉ាក៏កាន់តែរីកចម្រើន។ ថ្ងៃណាមួយនៅពេលកំណើនវិស័យទេសចរណ៍ ប្រដាល់ Lethwei នឹងផ្តល់ផលប្រយោជន៍ហើយអាចបង្កើនប្រាក់ចំណូលដោយផ្ទាល់ ដល់សណ្ឋាគារ អាជីវកម្ម ភោជនីយដ្ឋាន អ្នកលក់ដូរតាមដងផ្លូវ និងមនុស្សគ្រប់ៗគ្នាផងដែរ។ ក្នុងនាមខ្ញុំជាកីឡាករមួយរូប សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជនមកពីជុំវិញពិភពលោកដែលមកហ្វឹកហាត់ និងទស្សនាប្រទេសមីយ៉ាន់ម៉ា ហើយខ្ញុំលើកទឹកចិត្តពលរដ្ឋមីយ៉ាន់ម៉ាគ្រប់រូបឱ្យគាំទ្រព្រឹត្តិការណ៍ Lethwei ក្នុងស្រុកនិងក្នុងតំបន់។

កង្វល់ដ៏ចម្បងមួយសម្រាប់ខ្ញុំក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះគឺការចូលកាន់កាប់ដោយយោធាមីយ៉ាន់ម៉ា ដោយអ្នកប្រដាល់ Lethwei ជាច្រើននាក់បានរងរបួស ឬត្រូវបានចាប់ខ្លួនដូចជាកីឡាករ Phoe Thaw ជាដើម។ ហើយថ្មីៗនេះខ្ញុំមានការសោកស្ដាយ និងពិបាកចិត្តជាខ្លាំងនៅពេលដែលឮថា តូតូ អតីតគូប្រកួតរបស់ខ្ញុំបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។ វា​ជា​ពេល​វេលា​ដ៏​សោកសៅ​មួយ ប៉ុន្តែ​យើង​កុំ​ភ្លេច​ប្រជាជន​ដ៏​អស្ចារ្យ និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រទេស​មីយ៉ាន់ម៉ា។

អាជីពមួយនេះមានដំណើរ​ផ្សងព្រេង​ជា​ច្រើនដែលត្រូវបានឲ្យខ្ញុំឆ្លងកាត់ក្នុងជីវិត។​ ហើយខ្ញុំ​នឹង​ចូល​និវត្តន៍​ជា​ផ្លូវ​ការ​ពី Lethwei  ​បន្ទាប់ពី​ប្រកួត​មួយ​ទៀត​នៅ​កម្ពុជា​ក្រោម​ច្បាប់​គុន​ខ្មែរ ដែលជាការប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំជាមួយកីឡាករព្រំ សំណាង។ ការចូលនិវត្តន៍នេះមានន័យថាខ្ញុំត្រូវដកតំណែងជើងឯក Myanmar Lethwei Openweight Champion ដែលខ្ញុំបានកាន់តាំងពីឆ្នាំ២០១៦ ហើយខ្ញុំសូមជូនពរឱ្យ Tun Tun Min និង Thway Thit Win Hlaing ដែលនឹងឡើងប្រកួតដណ្តើមខ្សែក្រវាត់នៅថ្ងៃទី ២០ខែសីហា សូមឲ្យទទួលបានជោគជ័យ ហើយខ្ញុំក៏ត្រៀមរង់ចាំមើលអ្នកទាំងពីរប្រកួតផងដែរ៕

សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស