ថ្មីៗ-ThmeyThmey

· 2023-08-07

ការចិញ្ចឹមសត្វក្របីពិបាកពិតមែន តែអាចជួយដោះស្រាយជីវភាពបានស្រួល

#កសិកម្ម# #ការចិញ្ចឹមសត្វក្របី# #សង្គម# #ការភ្ជួររាស់ដីស្រែចម្ការ#

1387

ដោយ៖ ថោង ប្រណី

សៀមរាប៖ លោក សាន្ត រស់នៅ ជាកសិករមួយរូប ដែលបានបន្តរបរចិញ្ចឹមសត្វក្របី ជាង៣០ឆ្នាំមកហើយ។ ទោះជាមានបញ្ហាលំបាកនឿយហត់ក្នុងការចិញ្ចឹមក្តី ក៏លោកមិនបោះបង់របរមួយនេះដែរ ព្រោះវាអាចជួយដោះស្រាយ ជីវភាពបានមួយគ្រាៗ នៅពេលខ្វះខាត។

បច្ចុប្បន្ននេះ ការចិញ្ចឹមក្របីសម្រាប់បម្រើដល់ការភ្ជួររាស់ដីស្រែចម្ការរបស់ប្រជាកសិករ មិនសូវសម្បូរទៀតនោះទេ ព្រោះកសិករភាគច្រើននិយមភ្ជួររាស់ដី​​ ដោយប្រើប្រាស់​គោយន្ត​ជំនួសវិញ។ នេះជាការលើកឡើងរបស់អ្នកចិញ្ចឹមសត្វក្រ បីជើងចាស់មួយរូប​ តាំងពីទសវត្សរ៍៩០​មកម្ល៉េះ។  

លោក សាន្ត រស់នៅ ភូមិត្រៀក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឱ្យដឹងថា ក្រៅពីធ្វើស្រែចម្ការ លោកឆ្លៀតពេលចិញ្ចឹមក្របីដើម្បីទុកភ្ជួររាស់ដីស្រែផង និងសម្រាប់លក់ផងដែរ។ ប៉ុន្តែសព្វថ្ងៃ កសិករភាគច្រើននិយមប្រើគោយន្ត ដូច្នេះហើយលោកចិញ្ចឹមក្របីទុកសម្រាប់តែលក់ប៉ុណ្ណោះ។

បច្ចុប្បន្ននេះលោក សាន្ត មានក្របីជាង២០ក្បាល ។ លោក សាន្ត បន្ថែមថា មានកត្តាចម្បងៗជាច្រើនដែលរូបលោកផ្ទាល់ និងកសិករដទៃទៀតកាត់បន្ថយការចិញ្ចឹមក្របីគឺ ដោយសារតែសព្វថ្ងៃ ពុំមានទីវាលគ្រប់គ្រាន់ដើម្បីលែងក្របី ជាពិសេសនៅរដូវវស្សា ពេលទឹកធំម្តងៗលិចវាលស្រែអស់ ពិបាកក្នុងការរកច្រូតស្មៅឱ្យក្របីដែលមានចំនួនច្រើន។ នៅរដូវប្រាំងវិញអាកាសធាតុ ក្តៅខ្លាំងពិបាកក្នុងការរកថ្លុកត្រពាំងតូចៗ ឬម្លប់ឱ្យក្របីដេក ព្រោះថាក្របីជាសត្វដែលត្រូវការធាតុត្រជាក់។ 

ចំពោះការថែទាំវិញអ្នកចិញ្ចឹមក្របីខាងលើបានឱ្យដឹងដែរថា លោកតែងតែចាក់វ៉ាក់សាំងឱ្យក្របីរាងរាល់៣ខែម្តង ដើម្បីការពារក្រែងលោមានជំងឺឆ្លងផ្សេងៗ ដែលអាចបណ្តាលឱ្យក្របីឈឺ ហើយត្រូវចំណាយពេលព្យាបាល និងអស់ថវិកាច្រើន ហើយជួនកាលអាចស្លាប់ក្របីតៗគ្នាទៀតផង។ 

បន្ថែមពីនេះ លោក សាន្ត ក៏បានប្រាប់

ពីរបៀបព្យាបាលផងដែរ នៅពេលដែលមានជាក្របីឈឺភ្លាមៗ ដែលអាចបណ្តាលមកពីសត្វល្អិតបង្ករោគម្យ៉ាង ដែលអ្នកនៅតំបន់នេះនិយមហៅថា មេស្រគំ ជាសត្វល្អិតដែលទំនៅតាមស្មៅ។ នៅពេលដែលក្របីដើរស៊ីស្មៅ ចំសត្វនេះ វានឹងធ្វើឱ្យក្របីឈឺមានអាការៈដូចជា ហើមពោះហើយមិនចង់ស៊ីស្មៅជាដើម។ ដូច្នេះ ម្ចាស់ក្របីអាចយក ខ្ទឹមសរ ថ្នាំតាំង លាយជាមួយអំបិល និងទឹក យកមកបង្អកក្របីដែលឈឺនោះ ហើយរង់ចាំប្រហែល១០ ទៅ ៣០នាទី ប្រសិនជាក្របីនោះរាគខ្លាំង វាអាចនឹងដោយមកវិញ​នូវមេរោគតាមអាចម៍ក្របី។ ដូចនេះ ក្របីនឹងចាប់ផ្តើមទំពាអៀង ចង់ស៊ីស្មៅមកវិញ ហើយអាចនឹងជាឆាប់ៗទៀតផង៕

ប្រភពដើម៖ ThmeyThmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស