ថ្មីៗ-ThmeyThmey
· 2021-02-02
វៀតណាមថា ការផ្ទុះករណីឆ្លងថ្មីៗ បណ្ដាលមកពីកូវីដ-១៩ បំប្លែងខ្លួនមកពីអង់គ្លេស
#ឆ្លង# #សង្គម# #បំប្លែង# #វៀតណាម# #ករណី# #នយោបាយជាតិ# #វ៉ាក់សាំង#
14386
ពលរដ្ឋវៀតណាមពាក់ម៉ាស់ការពារជំងឺកូវីដ-១៩. រូបភាព៖AFP
ដោយ: គយ រតនបុរិន្ទ
ករណីឆ្លងជំងឺកូវីដ-១៩ ចុងក្រោយនៅវៀតណាម កើនឡើងដល់២៧៦ករណីហើយ។ អាជ្ញាធរវៀតណាម រកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនដែលមានប្រភពពីអង់គ្លេសក្នុងចំណោមអ្នកមានលទ្ធផលវិជ្ជមាន។ ករណីឆ្លងនេះ បានរាលដាលដល់ខេត្តចំនួន១០ ហើយ
«ក្នុងចំណោមតេស្តវិជ្ជមានចំនួន២៧៦ មាន១២ករណីដែលជាមេរោគកូវីដ-១៩ បំប្លែងខ្លួនដែលមានប្រភពពីអង់គ្លេស និងករណីឆ្លងខ្លះទៀតពុំទាន់អាចរកប្រភព»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីសុខាភិបាលវៀតណាម Nguyen Thanh Long ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់ថារដ្ឋាភិបាលត្រូវចាត់វិធានតឹងតែងក្នុងការតម្រូវឲ្យពាក់ម៉ាស់ ។
អត្ថបទទាក់ទង
វៀតណាម អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ស្របពេលផ្ទុះករណីឆ្លងកូវីដ-១៩
វៀតណាមមានករណីកូវីដ-១៩ចំនួន៨១បន្ថែមនៅថ្ងៃនេះ បន្ទាប់ពីរកឃើញករណីឆ្លងក្នុងស្រុកពីរ
វៀតណាម រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកពីរនាក់ ក្រោយអវត្តមាន៥៥ថ្ងៃ
ទោះជាយ៉ាងណា លោក Nguyen Thanh Long អះអាងថាករណីផ្ទុះនៅខេត្ត Hải Dương ដែលជាតំបន់រកឃើញករណីឆ្លងចុងក្រោយមុនគេ ស្ថិតក្នុងស្ថានការណ៍ដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែករណីឆ្លងថ្មីចំនួន២០នៅទីក្រុងហាណូយ អាចនឹងត្រូវប្រើពេលវេលាបន្ថែមទៀតដើម្បីស្វែងរកប្រភពចម្លង ក៏ដូចជាគ្រប់គ្រងការឆ្លង។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីសុខាភិបាលវៀតណាមបានបញ្ជាក់ថា នឹងប្រឹងប្រែង ទប់ស្កាត់ការឆ្លងត្រឹមថ្ងៃទី៦ កុម្ភៈ ឲ្យបានមុនពិធីបុណ្យចូលឆ្នាំវៀតណាម។
រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បានស្នើឱអាជ្ញាធរក្រុងហាណូយបង្កើនវិធានការទប់ស្កាត់ជំងឺ ដោយក្រសួងសុខាភិបាលនឹងជួយក្នុងការបង្កើនសមត្ថភាពធ្វើតេស្តឲ្យបានដល់៤ម៉ឺនករណីក្នុងមួយថ្ងៃ។ ចំណែកមន្ត្រីសុខាភិបាលក្រុងហាណូយ និយាយថា ក្រុងនេះបានធ្វើតេស្តចំនួន១ម៉ឺន៥ពាន់នាក់ តាំងពីមានករណីផ្ទុះជំងឺមក និងមានសមត្ថភាពក្នុងការធ្វើតេស្តត្រឹមតែ៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
គិតត្រឹមថ្ងៃទី២ កុម្ភៈ ដែលជាថ្ងៃទី៦ ដែលជាថ្ងៃរកឃើញជំងឺឆ្លងនេះ វៀតណាមមានករណីឆ្លងសរុប១,៨៥១ករណី ស្លាប់ចំនួន៣៥នាក់។ ចំនួនឆ្លងនេះមានតិចធៀបទៅនឹងប្រទេសជិតខាង ស្របពេលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់រដ្ឋាភិបាល ទទួលបានការគាំទ្រ និងកោតសសើរពីពលរដ្ឋផងដែរ។
ស្របពេលដែលមានករណីឆ្លងកំពុងផ្ទុះឡើង នៅថ្ងៃទី៣០ មករា វៀតណាមបានអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម អះអាងថា វៀតណាមត្រូវតែទទួលបានវ៉ាក់សាំងក្នុងត្រីមាសទី១ ២០២១នេះ។ រដ្ឋាភិបាលបានអះអាងថា ខ្លួនបានទិញវ៉ាក់សាំងចំនួន៣០លានដូស ដោយវ៉ាក់សាំងចំនួន៥ម៉ឺនដូសដំបូងនឹងត្រូវប្រើប្រាស់ក្នុងខែមីនា។ ចំណែកវ៉ាក់សាំងដែលនៅសេសសល់នឹងមកដល់ក្នុងខែមិថុនា។
ករណីឆ្លងទ្រង់ទ្រាយធំក្នុងស្រុកវៀតណាមកើតឡើងក្នុងខែមេសា ឆ្នាំ២០២០មុនអស់ទៅវិញរយៈពេលជាង១០០ថ្ងៃក្រោយ។ វៀតណាម ក៏រកឃើញករណីថ្មីទៀតនៅដាណាងនាខែកក្កដា និងករណីមួយចំនួនតូចនៅដើមខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហូជីមិញ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
ប្រភព៖ វៀតណាមថា ការផ្ទុះករណីឆ្លងថ្មីៗ បណ្ដាលមកពីកូវីដ-១៩ បំប្លែងខ្លួនមកពីអង់គ្លេស (thmeythmey.com)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រជាជនម៉ូស្លីមទូទាំងពិភពលោកប្រារព្ធពិធីបុណ្យ Eid al-Fitr ក្នុងស្រមោលទុក្ខវេទនារបស់ពលរដ្ឋហ្កាហ្សា
បាតុករគាំទ្រប៉ាឡេស្ទីន ៣៨ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបិទស្ពាន Golden Gate សហរដ្ឋអាមេរិក
រឿង ២យ៉ាង ដែលអ្នកគួរធ្វើ ដើម្បីកុំឱ្យស្តាយក្រោយពេលចាស់ទៅ
ការិយាល័យសិទ្ធិមនុស្ស UN៖ អ៊ីស្រាអែល នៅតែរឹតបន្តឹងដោយខុសច្បាប់លើជំនួយហ្កាហ្សា
យោបល់ទាំងអស់ (0)