ថ្មីៗ-ThmeyThmey
· 2023-07-18
សម្ព័ន្ធភាពចម្រុះ នៅតែឱ្យលោក Pita ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត
#Srettha Thavisin# #ព័ត៌មាន# #Pita Limjaroenrat# #ការបោះឆ្នោត# #ព័ត៍មានអន្តរជាតិ#
4022
ដោយ: ធន់ សេងហុង (THUN Senghong)
កាលពីល្ងាចថ្ងៃទី ១៦ ខែកក្កដា ក្រុមសម្ព័ន្ធគណបក្សទាំងប្រាំបី បានយល់ព្រមស្នើមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅជុំបន្ទាប់។ ប៉ុន្តែប្រសិនបើលោក Pita មិនទទួលបានការគាំទ្រគ្រប់គ្រាន់ដូចគ្រាមុន គណបក្សភឿថៃនឹងដាក់បេក្ខភាពរបស់ខ្លួនវិញម្តង។
លោក Pita មេដឹកនាំ និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបក្សឆ្ពោះទៅមុខដែលបានឈ្នះឆ្នោត បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធរបស់ខ្លួនថា គណបក្សទាំងប្រាំបី នឹងតែងតាំងលោកជានាយករដ្ឋមន្ត្រី នៅសម័យប្រជុំពេញអង្គនៃរដ្ឋសភា និងព្រឹទ្ធសភាដែលតែងតាំងដោយយោធាសម្រាប់ជុំទីពីរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកក្កដា។
« ប្រសិនបើសំឡេងគាំទ្រមិនកើនឡើងខ្លាំងទេ យើងនឹងដកថយ។ ភឿថៃនឹងចូលខ្លួនមកជំនួសម្តង» ។ លោក Pita បាននិយាយក្រោយបញ្ចប់កិច្ចប្រជុំជាមួយសម្ព័ន្ធរបស់ខ្លួន។
ចំណែកលោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃ បានប្រកាសថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើលោកឈ្នះការជឿទុកចិត្ត ពីគណបក្សឱ្យកាន់តំណែងកំពូលនេះ។
លោកអះអាងថា ៖ « យើងនៅបក្សភឿថៃបានពិភាក្សាលើបញ្ហានេះអស់រយៈពេលបួនខែហើយ ប្រសិនបើខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់ការងារនេះទេ ខ្ញុំនឹងមិនជាប់ឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីនាក់នោះទេ»។
បក្សឆ្ពោះទៅមុខបានឈ្នះការបោះឆ្នោតសកល នៅថ្ងៃទី ១៤ ខែឧសភា ជាមួយនឹងអាសនៈសភាតំណាងរាស្ត្រ ចំនួន ១៥១រូប ហើយគណបក្សភឿថៃឈរនៅលំដាប់បន្ទាប់ ដែលមានអសនៈ ១៤១រូប។
គណបក្សទាំងប្រាំបីបានច្រានចោលការលើកឡើងរបស់សមាជិកព្រឹទ្ធសភាមួយចំនួន ដែលថាពួកគេមិនអាចដាក់ឈ្មោះលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីឡើងវិញបានទេ ដោយសារលោកបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនពីសភា និងព្រឹទ្ធសភាកាលពីនៅថ្ងៃទី ១៣ ខែកក្កដា។
លោក Pita បានបង្ហាញជំហរថា ៖«ការតែងតាំងនាយករដ្ឋមន្ត្រីមិនមែនជាការដាក់ញត្តិទេ ដូច្នេះហើយបទប្បញ្ញត្តិនៃសម័យប្រជុំសភា ដែលហាមឃាត់ការបញ្ជូនសំណើឡើងវិញ មិនត្រូវបានអនុវត្តចំពោះការតែងតាំងនាយករដ្ឋមន្ត្រី »។
លើសពីនេះ សម្ព័ន្ធភាពទាំងប្រាំបីបានបញ្ជាក់ថា បក្សឆ្ពោះទៅមុខតែឯងទេ ដែលបានស្នើឱ្យធ្វើវិសោធនកម្មមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងពីសិទ្ធិ ក្នុងការចូលរួមជាមួយតំណាងជាប់ឆ្នោតបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ លោក Pita បាននិយាយថា សម្ព័ន្ធមិត្តចម្រុះប្រាំពីរផ្សេងទៀត មិនមានពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មដែលបានស្នើឡើងនោះទេ។
បក្សឆ្ពោះទៅមុខ បានស្នើការធ្វើវិសោធនកម្មនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាភាគច្រើន បានបដិសេធការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។ ប្រសិនបើគ្មានការចូលរួមពីសមាជិកព្រឹទ្ធសភាចំនួន ២៤៩នាក់ ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលយោធាមុននោះ គណបក្សចម្រុះចំនួនប្រាំបីដែលរួមគ្នា ទទួលបានអាសនៈសភាសរុបចំនួន ៣១២ នឹងមានសំឡេងភាគច្រើន សម្រាប់នាយករដ្ឋមន្ត្រី។
បន្ទាប់ពីកិច្ចប្រជុំលោក Pita បានអះអាងថា គណបក្សរបស់លោកកំពុងព្យាយាម ដើម្បីទទួលបានការគាំទ្របន្ថែមទៀតពីសមាជិកព្រឹទ្ធសភា ហើយលោកសង្ឃឹមថានឹងទទួលបានសំឡេងគាំទ្រកាន់តែច្រើន ពីសមាជិកព្រឹទ្ធសភានៅជុំទីពីរនេះ។
បក្សឆ្ពោះទៅមុខនៅតែរក្សាជំហរនឹងជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ (មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ) ព្រោះវាជាការសន្យាចម្បង ក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន។ សមាជិកព្រឹទ្ធសភា និងអ្នកតំណាងជាច្រើនបានប្រឆាំងយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរនេះ ហើយបានលើកឡើងថា វាជាហេតុផលចម្បងសម្រាប់ការមិនគាំទ្រលោក Pita ជានាយករដ្ឋមន្ត្រីបន្ទាប់។
ប្រធានសភា Wan Muhamad Noor Matha បានកំណត់ជុំទីពីរ នៃការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៩ និងជុំទីបីនៅថ្ងៃទី ២០ ខែកក្កដា។
គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា តុលាការធម្មនុញ្ញថៃ នឹងសម្រេចលើញត្តិដែលបានដាក់កាលពីសប្តាហ៍មុន ដោយគណៈកម្មការរៀបចំការបោះឆ្នោត ជុំវិញការចោទប្រកាន់បំពានច្បាប់ឃោសនាបោះឆ្នោត ដើម្បីស្វែងរកសេចក្តីសម្រេចរបស់តុលាការ ថាតើឋានៈសមាជិកសភារបស់មេដឹកនាំបក្សឆ្ពោះទៅមុខនេះ មិនត្រឹមត្រូវ ឬយ៉ាងណា?៕
ប្រភពដើម៖ ThmeyThmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)