Leakena

· 2019-06-02

ក្រុង​នៅ​ចិន ដាក់ «​សំឡេង​សារ​» ដើម្បី​ប្រាប់ថា​ម្ចាស់​ទូរ​សព្ទ​នោះ ជា​ជន​ជាប់បំណុល​

0

នៅតំបន់មួយចំនួននៅប្រទេសចិន ពលរដ្ឋដែលជាប់បំណុលត្រូវប្រឈមទណ្ឌកម្មតាមរយៈសំឡេងសារពិសេសនៅក្នុងទូរសព្ទ។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន និងកាសែត Le Figaro របស់បារាំង សំឡេងសារនោះ នឹងបញ្ជាក់ឲ្យដឹងថា មនុស្សទូរសព្ទកំពុងជំពាក់បំណុលរបស់រដ្ឋ។

សំឡេងសារ «Laolai» ឬមានន័យថា សំឡេងសារដែលនាំឲ្យមានការ «ខ្មាសអៀន» ត្រូវប្រើប្រាស់សម្រាប់អ្នកជាប់បំណុលដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ។ គណៈកម្មការក្រុង Guanyun នៃខេត្ត Jiangsu សហការជាមួយបណ្តាក្រុមហ៊ុនទូរគមនាគមន៍ និងតុលាការមូលដ្ឋាន លើការដាក់ដំណើរសំឡេងសារពិសេសនេះ។

ជំនួសឲ្យសំឡេង «ទីត! ទីត! ទីត!» អ្នកដែលទូរសព្ទទៅចំលេខបុគ្គលដែលជាប់បំណុលវ័ណ្តក នឹងឮសំឡេងសារថា «បុគ្គលដែលលោក-អ្នកកំពុងទូរសព្ទទៅ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់តុលាការក្រុង Guanyun។ សូមលោក-អ្នក ណែនាំបុគ្គលរូបនេះ ទៅបំពេញកាតាព្វកិច្ចតាមផ្លូវច្បាប់ផង។ ក្រុមការងារនៅតុលាការ រីករាយចំពោះកិច្ចសហការរបស់លោក-អ្នក។ សូមអរគុណ!»។

ក្រៅពីក្រុង Guanyun ក្រុង Huangshi នៃខេត្ត Hubei និងក្រុង Degfend នៃខេត្ត Henan ក៏មានចំណាត់ការស្រដៀងគ្នានេះផងដែរ ពីព្រោះពលរដ្ឋដែលជំពាក់បំណុលមានចំនួនកាន់តែច្រើន។ ក្នុងករណីដែលពួកគេបំពេញកាតាព្វកិច្ចរួចហើយ ឬចេញពីបញ្ជីខ្មៅ តុលាការ និងក្រុមហ៊ុនទូរគមនាគមន៍នឹងកាត់ផ្តាច់សំឡេងនោះចេញ។

ចាប់ពីឆ្នាំ២០១៤មក រដ្ឋាភិបាលចិន បានកែប្រែប្រព័ន្ធ «ឥណទានសង្គម» ដោយវាយតម្លៃជាប្រចាំលើឥរិយាបថពលរដ្ឋ។ ទិន្នន័យកន្លងមក បានបង្ហាញថា ពលរដ្ឋមួយចំនួនបានគេចវេសការបង់បំណុល បើទោះបីជាពួកគេមានលទ្ធភាពបង់ក៏ដោយ។ ជាមួយគ្នានេះ រដ្ឋបានចាត់វិធានការផ្សេងៗ ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាព ទើបសម្រេចចិត្តសហការជាមួយតុលាការមូលដ្ឋាន និងក្រុមហ៊ុនទូរគមនាគមន៍។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានជាតិ រដ្ឋាភិបាលចិន កាលពីឆ្នាំមុន បានរារាំងការទិញសំបុត្រយន្តហោះ ១៧,៧លាន និងសំបុត្ររថភ្លើង ៥,៥លាន សម្រាប់ពលរដ្ឋដែលប្រើប្រាស់បណ្ណឥណទាន ទាំងខ្លួនមិនទាន់ដោះស្រាយបំណុល។

កាសែត South China Morning Post ក៏បានផ្សាយឲ្យដឹងផងដែរថា តុលាការកំពូលចិន ក៏ធ្លាប់បានបង្ហាញឈ្មោះជាសាធារណៈចំពោះ១៣លាននាក់ ដោយភ្ជាប់ឈ្មោះពេញ លេខអត្តសញ្ញាណ អាយុ ទីលំនៅ និងចំនួនលុយដែលជាប់បំណុល។ ឈ្មោះទាំងនោះ ត្រូវបានបិទផ្សាយតាមទីសាធារណៈ វ៉ិបសាយ និង App ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស