Leakena

· 2019-05-24

ចិននឹងសាងសង់ ឡ ដែលអាចសម្ងួតស្រូវសើម១៣ពាន់តោនក្នុងមួយថ្ងៃ និងឃ្លាំងស្តុកស្រូវ១លានតោន នៅកម្ពុជា

0

ប្រតិភូធុរជនចិនខេត្តហឺណាន់ បានបង្ហាញចេតនាវិនិយោគលើការសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅក្នុងប្រទសកម្ពុជា ដើម្បីចូលរួមពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវអង្ករជាតិ ជាពិសេសថែរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

នៅក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក ប៊ី គង់មីន (BI GUANGMIN) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតា និង គម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត ដែលមានសមត្ថភាពសម្ងួតស្រូវ សើមដល់ទៅ ១៣ពាន់តោន ក្នុងមួយថ្ងៃ ហើយអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន។

លោក ប៊ី គង់មីន បានបន្ថែមទៀតថា គម្រោងនឹងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតនេះ នៅក្នុងខេត្តដែលមានសក្តានុពលផលិតស្រូវ-អង្ករ ហើយនៅពេលការសាងសង់បញ្ចប់ នឹងអាចជួយបង្កើនការនាំចេញអង្ករកម្ពុជា ទៅក្នុងទីផ្សារអន្តរជាតិក្នុងមួយឆ្នាំ ៥០ម៉ឺនតោន។

លោកប្រធានក្រុមប្រឹក្សារូបនេះ ក៏បានស្នើសុំគាំទ្រ និងអនុសាសន៍បន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជំរុញគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ អាចអនុវត្តន៍បានក្នុងពេលឆាប់ៗ។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានផ្តល់ការគាំទ្រពេញទំហឹង ចំពោះគម្រោងខាងលើ និងបានជម្រាបជូនភាគីចិន អំពីគោលនយោបាយស្រូវ-អង្ករជាតិ និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ព្រមទាំងកិច្ចប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញផលិតកម្មស្រូវ-អង្ករ ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានអតិបរិមា។

គួររម្លឹកដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងជំរុញ ផលិតកម្មស្រូវ និងការនាំចេញអង្ករជាមួយប្រទេសចិន ដែលក្នុងនោះភាគីកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិនតំណាងដោយក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន និងក្រុមហ៊ុនស៊ីទីកហ្គ្រុប។ នៅក្នុងអនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹងទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា៕ ដារ៉ាពេជ្រ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស