TNAOT News

· 2​ម៉ោង​មុន

កម្ពុជា-លីទុយអានី នឹងសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសកម្មភាពមីន

#NEW NEWS# #វិស័យសកម្មភាពមីន# #សង្គម# #កម្ពុជា-លីទុយអានី# #ព័ត៌មានសង្គម#

845

ក្នុងជំនួបទ្វេភាគី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងលោក Kestutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី បានឯកភាពគ្នា និងធ្វើការសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមលើវិស័យសកម្មភាពមីន។

ក្នុងជំនួបរសៀលនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសមិទ្ទផលសម្រេចបានរបស់កម្ពុជាលើវិស័យសកម្មភាពមីន ជាង ៣០ឆ្នាំ និងការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន ទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក។ 

ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ សម្ភារៈរាវរកគ្រាប់មីន ត្រូវតែទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាព និងស្របទៅនឹងការវិវត្តជាក់ស្តែងនៃបច្ចេកវិទ្យាថ្មីៗ ហើយប្រទេសកម្ពុជា ត្រូវបានប្រើជាកន្លែងសាកល្បងបច្ចេកវិទ្យាសម្រាប់រាវរកគ្រាប់មីននេះ។ 

ទន្ទឺមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ប្រទេសលីទុយអានី អាចពិចារណាយកសម្ភារៈរាវរកគ្រាប់មីន និងគ្រឿងចក្រកម្ទេចគ្រាប់មីនថ្មីដែលខ្លួនបានបង្កើត មកធ្វើតេស្តសាកល្បងបច្ចេកវិទ្យានៅប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ផងដែរ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងការងារសកម្មភាពមីនសកល ជាពិសេសការចូលរួមបណ្តុះបណ្តាលជំនាញបច្ចេកទេសបោសសម្អាតមីនដល់ប្រទេសអ៊ុយក្រែន ក៏ដូចជាចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីនទៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជុំវិញពិភពលោក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស