TNAOT News

· 9​ម៉ោង​មុន

ក្រសួងការបរទេសកម្ពុជាឆ្លើយតបព័ត៌មានពាក់ព័ន្ធការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដកខ្លួនចេញពី MOU-2001

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #MOU-2001#

1552

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាត សមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MOU-2001)។

អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា ដូចដែលបានគូសបញ្ជាក់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ នេះ។

លើសពីការ រៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។ លើលពីនេះ MOU-2001 ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។

ចំពោះកម្ពុជាវិញ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស