TNAOT News
· 04-12
អគ្គនាយក UNESCO នឹងធ្វើដំណើរមកកម្ពុជាចុងឆ្នាំ២០២៦នេះ
#អង្គការ UNESCO# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1817
អគ្គនាយកអង្គការយូណេស្កូ លោក Khaled El-Enany បានឱ្យដឹងថាលោកនឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់អង្គការ យូណេស្កូរបស់កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
លោក Khaled El-Enany បានឱ្យដឹងដូចនេះក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស។
ក្នុងជំនួបនេះ អគ្គនាយកអង្គការយូណេស្កូ បានស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបាន កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអង្គការ យូណេស្កូ។ ឯកឧត្តមបានសម្តែងការពេញចិត្តចំពោះកិច្ចសហការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការ យូណេស្កូ ដោយបានកត់សម្គាល់ថា ប្រាសាទអង្គរជាសមិទ្ធិផលដ៏អស្ចារ្យមួយក្នុងកិច្ចសហប្រតិបត្តិការ អន្តរជាតិផ្នែកសង្គ្រោះ និងបុរាណវិទ្យា។ 
អគ្គនាយកបានបញ្ជាក់ថា ឯកឧត្តមបានជួបជាមួយអ្នកជំនាញដែលទើបត្រឡប់មក ពីកម្ពុជា។ បន្ថែមពីការបញ្ជូនអ្នកជំនាញ អង្គការយូណេស្កូនឹងផ្តល់ថវិកាបន្ទាន់មួយចំនួនដើម្បីគាំទ្រ ដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌ ហើយក៏កំពុងសហការជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការការពារ បេតិកភ័ណ្ឌ (ALIPH) លើបញ្ហានេះ។
លោកអគ្គនាយកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈជំនាញបច្ចេកទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការយូណេស្កូជាវេទិកាសម្រាប់ការសន្ទនា និងបង្ហាញពីក្តីសង្ឃឹមសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រ និង តួនាទីដ៏សំខាន់របស់អង្គការយូណេស្កូ ក្នុងការគ្រប់គ្រង និងការការពារបេតិកភណ្ឌវប្បធម៌រូបី និងអរូបី របស់កម្ពុជា រួមមានតំបន់បេតិកភណ្ឌពិភពលោកសំខាន់ៗ ដូចជាប្រាសាទអង្គរ និងប្រាសាទព្រះវិហារ ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះ គោលការណ៍ស្នូលរបស់អង្គការយូណេស្កូ និងបេសកកម្មជាសាកលរបស់យូណេស្កូលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធានាអះអាងចំពោះ អគ្គនាយកអង្គការយូណេស្កូថា កម្ពុជាពុំបាន ប្រើប្រាស់ប្រាសាទព្រះវិហារក្នុងគោលបំណងយោធាទេ ប៉ុន្តែពិតជាមានមន្ត្រីសន្តិសុខខ្លះៗ សម្រាប់ការពារប្រាសាទនេះ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវរបស់កម្ពុជា។
ភាគីទាំងពីរជឿជាក់ថា ជំនួបនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងអង្គការយូណេស្កូ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍ ប្រកបដោយចីរភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
ប្រទេសថៃកំពុងជួបប្រទះនឹងការខ្វះខាតប្រេងម៉ាស៊ូតយ៉ាងទូលំទូលាយនៅក្នុងខេត្តជាច្រើន
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន

យោបល់ទាំងអស់ (0)