TNAOT News

· ម្សិលមិញ

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា

#តវ៉ាយ៉ាងដាច់អហង្ការ# #សង្គម# #​រាជរដ្ឋាភិបាលកម្ពុជា# #DEVELOPING NEWS# #ព័ត៌មានសង្គម#

1686

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់ នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងខេត្តបាត់ដំបង និង ឧត្តរមានជ័យ តាំងពីខែធ្នូ ឆ្នាំ២០២៥។

ក្នុងនោះ ភាគីថៃបានលើកដងទង់ជាតិថៃនៅលើខ្នងទំនប់ខាងកើតនៃអូរទីពីរ ក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ការសាងសង់របងព្រំដែនជាឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ និងការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឧត្តមសេនីយ៍ ប្រាផាស ស៊ុនឆៃឌី (Prapas Sornchaidee) មេបញ្ជាការកងទ័ពអាកាសថៃ (Thailand's Air Chief Marshal) ដោយនាំក្រុមអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ សណ្ឋាគារ Royal Hill Hotel និងសណ្ឋាគារ Royal O Smach Hotel and Resort ក្នុង ស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ។

ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា សកម្មភាពទាំងនេះ ដែលបង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលដោយប្រទេសថៃ រំលោភលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាលើចំណុចទី I (វិធានការកាត់បន្ថយភាពតានតឹង) នៃ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ការសាងសង់របងព្រំដែនដោយឯកតោភាគីនេះកាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្នដែល បានធ្វើដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាក៏បដិសេធ ការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់ការទប់ស្កាត់ឧក្រិដ្ឋកម្មជាលេសសម្រាប់ការឈ្លានពានទឹកដីផងដែរ។ 

រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ និងមិនទទួលយកនូវខ្សែព្រំដែនឬការទាមទារទឹកដីណាមួយដែលអះអាងជាឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហរបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅនឹងការកំណត់បន្ទាត់ ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ដែលផ្ទុយទៅនឹង ការអនុវត្តប្រកបដោយភាពស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់និងពាក់ព័ន្ធនានា ហើយត្រូវជៀសវាង ធ្វើសកម្មភាពឯកតោភាគីស្រដៀងនេះទៀត។ ទាំងនេះជាភាពចាំបាច់ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹង ជំនឿជាក់និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយ ព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់នូវការប្តេជ្ញាចិត្តមុតមាំរបស់ខ្លួន ក្នុងការស្វែងរក ដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់របស់កម្ពុជា តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ទ្វេភាគីដែលមានស្រាប់ ហើយកម្ពុជានៅតែបន្តរក្សាជំហរជាគោលការណ៍របស់ខ្លួនដដែលថា ខ្សែព្រំដែនមិន ត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស