TNAOT News

· ម្សិលមិញ

កម្ពុជា និងកូរ៉េ សហការរួមគ្នាជំរុញលើវិស័យទេសចរណ៍ ដើម្បីបង្កើនលំហូរទេសចររួមគ្នា

#NEW NEWS# #កម្ពុជា និងកូរ៉េ# #សង្គម# #វិស័យទេសចរណ៍# #ព័ត៌មានសង្គម#

2009

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ អនុញ្ញាតជូនលោក Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរដល់ប្រជាជន រដ្ឋាភិបាល និងស្ថានទូតសាធារណរដ្ឋកូរ៉េដែលតែងតែជួយឧបត្តម្ភជ្រោមជ្រែង និងផ្តល់កិច្ចសហការដ៏ល្អដល់ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសលើជំនូយអភិវឌ្ឍន៍ដ៏ច្រើន និងការទទួលយកពលករខ្មែររាប់ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។ 

ទន្ទឹមនេះ ឯកឧត្តមជម្រាបពីសភាពការណ៍ នយោបាយ សេដ្ឋកិច្ច សង្គម និងទេសចរណ៍របស់កម្ពុជារួមទាំងចំនួនភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េនៅកម្ពុជា ជាពិសេសបានជម្រាបជូនពីយុទ្ធនាការដ៏ម៉ឺងម៉ាត់បង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងការអនុម័តនូវសេចក្តីព្រាងច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញដោយគណៈរដ្ឋមន្រ្តីរួចហើយ។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តរបស់កម្ពុជាដែលបានសហការជាមួយស្ថាប័នកូរ៉េធ្វើការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញបានយ៉ាងឆាប់រហ័ស និងប្រកបដោយផ្លែផ្កាលើសពីការរំពឹងទុក។ លោកក៏បានជម្រាបជូនពីការកត់សំគាល់ខ្ពស់របស់ស្ថានទូតលើច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអនឡាញដែលជាការគិតគូរដ៏ម៉ត់ចត់របស់កម្ពុជា។ 

ឯកអគ្គរដ្ឋទូតក៏បានផ្តល់នូវគំនិតដ៏ល្អថ្មីបន្ថែមលើការរៀបចំកញ្ចប់ទស្សនកិច្ចដែលមានការ ច្នៃប្រឌិតខ្ពស់សម្រាប់ទាក់ទាញភ្ញៀវទេសចរកូរ៉េ ព្រមទាំងកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនកំណើនភ្ញៀវទេសចរ និងធុរជនររវាងប្រទេសទាំងពីរ។បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជំរៅលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើការជំរុញតភា្ជប់ជើងហោះហើរត្រង់រវាងទីក្រុងធំៗ របស់កូរ៉េមកខេត្តសៀមរាបជាប្រចាំឡើងវិញ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)