TNAOT News

· 20​ម៉ោង​មុន

ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ទាក់ទាញអ្នកវិនិយោគជាតិ–អន្តរជាតិជាង១៥០នាក់ ស្វែងរកឱកាសវិនិយោគថ្មីនៅខេត្តព្រះសីហនុ

#សង្គម# #ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន# #ព័ត៌មានសង្គម#

1766

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» មួយ ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគ បានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិប្រមាណជាង ១៥០នាក់ ដែលមកពីកម្ពុជា ចិន ម៉ាលេស៊ី និងសិង្ហបុរី ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីទស្សនៈកិច្ច និងសិក្សាស្វែងយល់អំពីសក្តានុពលអភិវឌ្ឍន៍នៅក្នុង ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាគោលដៅសំខាន់សម្រាប់វិនិយោគ និងពាណិជ្ជកម្មនៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

កម្មវិធីនេះមានគោលបំណងបង្កើតវេទិកាឱ្យអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ពីប្រទេសកម្ពុជា ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត អាចជួបពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីសក្តានុពលវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចបែប ឈ្នះ–ឈ្នះ (Win–Win) សម្រាប់សហគ្រាសនានា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំដើមឆ្នាំ២០២៦នេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel ក្នុងក្រុងព្រះសីហនុចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ អ្នកចូលរួមនឹងមានឱកាសចូលរួមទស្សនកិច្ចដោយផ្ទាល់ទៅកាន់តំបន់សេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍសំខាន់ៗក្នុងខេត្ត ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ និងសក្ដានុពលអភិវឌ្ឍន៍ក្នុងតំបន់។

ក្នុងចំណោមគោលដៅទស្សនកិច្ចសំខាន់ៗ មានដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្ត និង រោងចក្រស្រាបៀរអង្គរ ដែលជាគម្រោងឧស្សាហកម្មសំខាន់មួយនៅក្នុងតំបន់។ លើសពីនេះ អ្នកវិនិយោគក៏នឹងមានឱកាសជួបពិភាក្សាជាមួយក្រុមលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយលើកទឹកចិត្ត និងឱកាសសហការវិនិយោគនានា។

បច្ចុប្បន្ននេះ កម្ពុជាកំពុងឈានចូលដំណាក់កាលដ៏សំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ច ខណៈតំបន់ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ កំពុងទទួលបានគោលនយោបាយ និងគម្រោងអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់។ ការអភិវឌ្ឍទាំងនេះ កំពុងបម្លែងតំបន់ឆ្នេរនេះពីគោលដៅទេសចរណ៍ធម្មតា ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឆ្នេរសមុទ្រដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយនឹងអត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើន ដូចជាកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស និងបណ្តាញដឹកជញ្ជូនដែលកំពុងត្រូវបានពង្រីក ខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុកថាជា «ច្រកទ្វារសេដ្ឋកិច្ចសមុទ្រ» សំខាន់មួយរបស់កម្ពុជា។

គួរបញ្ជាក់ថា អ្នកជំនាញសេដ្ឋកិច្ច និងអ្នករៀបចំកម្មវិធីរំពឹងថា ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះ នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ការតភ្ជាប់អាជីវកម្ម ការបង្កើតភាពជាដៃគូថ្មី និងការទាក់ទាញវិនិយោគបន្ថែមមកកាន់កម្ពុជា ជាពិសេសទៅកាន់តំបន់ឆ្នេរសមុទ្រដែលកំពុងក្លាយជាគោលដៅអភិវឌ្ឍសេដ្ឋកិច្ចដ៏សំខាន់ក្នុងអនាគត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)