TNAOT News
· 11ម៉ោងមុន
បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក
#NEW NEWS# #បារាំង# #សង្គម# #ទេសចរណ៍កម្ពុជា# #ព័ត៌មានសង្គម#
1610
ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងការគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានធំៗ ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបកិច្ចពិភាក្សានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកតំណាងក្រុមហ៊ុន បានជម្រាបអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ក្រុមហ៊ុន និងការធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពចុងក្រោយនៃអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងការផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។
តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពបន្តសហការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)