TNAOT News
· 2ម៉ោងមុន
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ច
#NEW NEWS# #សង្គម# #សន្និសីទសារព័ត៌មាន# #ព័ត៌មានសង្គម# #ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន#
615

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន ត្នោត (Tnaot News) បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដើម្បីប្រកាសអំពីកម្មវិធីទស្សនកិច្ចវិនិយោគមួយ ដែលបានប្រារព្ធធ្វើឡើងនៅអគារ Morgan Tower ក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើន រួមមាន ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ, ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មាន ត្នោត (Tnaot), លោកស្រី Wang Fuyan អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌា ស៊ីឃ្យូរឹធី ម.ក, លោក Jiao Jinfeng នាយកប្រតិបត្តិក្រុមហ៊ុន OuneRaod Group ព្រមទាំងតំណាងមកពីក្រសួង និងស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់។

កម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» គឺមានគោលបំណងជំរុញឱ្យអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ពីប្រទេសកម្ពុជា ចិន និងបណ្តាប្រទេសដទៃទៀត ជួបពិភាក្សាអំពីសក្តានុពលវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចបែប ឈ្នះ–ឈ្នះ សម្រាប់សហគ្រាសនានា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មាន ត្នោត (Tnaot) បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងឈានចូលដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ខណៈតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ កំពុងទទួលបានគោលនយោបាយអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ ដែលកំពុងបំប្លែងតំបន់នេះពីគោលដៅទេសចរណ៍ធម្មតា ទៅជាតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រដ៏សំខាន់មួយ។

លោកស្រីបានបន្ថែមថា ខេត្តព្រះសីហនុ មិនត្រឹមតែមានកំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបន្តអភិវឌ្ឍយ៉ាងលឿនតាមរយៈគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍតំបន់ឆ្នេរ និងការផ្តល់អាទិភាពដល់វិស័យឧស្សាហកម្ម និងវិនិយោគ។

លោកស្រី ហាន លី បានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់បណ្តាញធុរកិច្ច និងជំរុញការវិនិយោគថ្មីៗ ជាពិសេសក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម នៅកម្ពុជា។

លោកស្រីបានបន្ថែមថា៖ “ដោយឃើញពីឱកាសដ៏ល្អនេះ សារព័ត៌មានត្នោតបានសហការជាមួយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរឹធី ម.ក ដោយមានការគាំទ្រពី ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះឡើង”។

អគ្គនាយិកាសារព័ត៌មាន ត្នោត បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ និងមិនត្រឹមគ្រាន់តែជាកន្លែងដែលអ្នកវិនិយោគគិនទាំងឡាយធ្លាប់តែលឺឈ្មោះនោះទេ ប៉ុន្តែជាកន្លែងមួយដែលអ្នកវិនិយោគគិនត្រូវតែទៅឈ្វេងយល់បន្ថែម ស្គាល់កាន់ច្បាស់ពីទីតាំងដែលអាចឲ្យវិនិយោគគិនស្វែងរកនិងចាប់ឱកាសទាំងនោះ។

បន្ថែមលើនេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា កម្មវិធីសន្និសិទសារព័ត៌មាននៅក្នុងឱកាសនេះគឺជាវេទិកាដ៏មានតម្លៃក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបរិយាកាសវិនិយោគនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ក្នុងបរិបទនៃសេដ្ឋកិច្ចសកល ការចងក្រងភាពជាដៃគូរវាងវិស័យទេសចរណ៍ និងធុរកិច្ចគឺជាសសរស្តម្ភដ៏មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍសង្គមជាតិ។ ទេសចរណ៍-ធុរកិច្ច មិនត្រឹមតែជា ការធ្វើដំណើរទស្សនកិច្ចកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនង ចាប់យកជាដៃគូពាណិជ្ជកម្មនិងបង្កើនការវិនិយោគទ្វេភាគី។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងយ៉ាងដូច្នេះថា៖ “ ខ្ញុំសូមបង្ហាញពីតួលេខនៅក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា មានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៦៣០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩.៩៥ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨,២១៦ កន្លែង”។

ជាមួយគ្នានេះដែរ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា កម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» គឺជាជំហានដ៏សំខាន់មួយ ក្នុងការបើកបង្ហាញសក្តានុពលវិនិយោគ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ សេដ្ឋកិច្ចនៅក្នុងខេត្តមានកំណើនប្រមាណ ៥ភាគរយ ដែលបង្ហាញពីស្ថានភាពវិជ្ជមាននៃការអភិវឌ្ឍ និងទំនុកចិត្តរបស់អ្នកវិនិយោគ។

ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុ គឺជាខេត្តគោលដៅដ៏សំខាន់មួយ ក្នុងការតភ្ជាប់តំបន់សេដ្ឋកិច្ចនៅក្នុងតំបន់ទៅកាន់ទីផ្សារពិភពលោក ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ ខេត្តនេះកំពុងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់ វិនិយោគ ការដឹកជញ្ជូន ឧស្សាហកម្ម និងរោងចក្រ ដែលអាចគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានខិតខំធ្វើឱ្យនីតិវិធីវិនិយោគកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ដោយអ្នកវិនិយោគអាចប្រើប្រាស់ពេលវេលាប្រមាណមួយខែ ក្នុងការចាប់ផ្តើមដំណើរការគម្រោងវិនិយោគនៅក្នុងខេត្ត។ វិធានការនេះ បានបង្កើតលក្ខខណ្ឌអំណោយផល និងទាក់ទាញអ្នកវិនិយោគបរទេសឱ្យកាន់តែចាប់អារម្មណ៍លើខេត្តព្រះសីហនុ។
លើសពីនេះ ខេត្តក៏មាន ចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ដោយផ្តោតលើការប្រើប្រាស់ ថាមពលស្អាត និងថាមពលកកើតឡើងវិញ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបានបន្ថែមថា អាជ្ញាធរខេត្តកំពុងស្វែងរក និងទាក់ទាញអ្នកវិនិយោគដែលមានសមត្ថភាព និងជំនាញជាក់លាក់ ដើម្បីចូលរួមអភិវឌ្ឍ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងខេត្តព្រះសីហនុ។ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ក៏បានសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយ និងទប់ស្កាត់បញ្ហាអសន្តិសុខនានា ដើម្បីធានាបរិយាកាសវិនិយោគដែលមានសុវត្ថិភាព និងភាពជឿជាក់សម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ ក្នុងក្រុងព្រះសីហនុ ដោយអ្នកចូលរួមរំពឹងថានឹងទទួលបានចុះទស្សនកិច្ចដោយផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ រោងចក្រស្រាបៀរអង្គរ និង ជួបពិភាគ្សារជាមួយ ជាមួយក្រុមលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុថែមទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)