TNAOT News

· 8​ម៉ោង​មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ

#NEW NEWS# #ឯកឧត្តម ហ៊ុន ម៉ានី# #សង្គម# #ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព# #ព័ត៌មានសង្គម#

1551

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទោះក្នុងកាលៈទេសៈណាក៏ដោយកូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ។ 

ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងន័យនេះ ការចងចាំមិនមែនដើម្បីគុំគួននោះឡើយ ប៉ុន្តែជាការរំលឹកខ្លួនឯងជាប្រចាំថាយើងត្រូវរួបរួម និងត្រូវប្រែក្លាយការឈឺចាប់ ការប្រមាថ ឱ្យទៅជាកម្លាំងសាមគ្គី ទន្ទឹមនឹងបន្តជំរុញការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី។

ឯកឧត្តម បានគូសបញ្ជាក់ថា ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព បានបង្ហាញនូវស្លាកស្នាម នៃការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបានកើតមានឡើង ដែលនេះជាអ្វីដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើស។ ជាមួយគ្នានេះក៏បានបង្ហាញផងដែរថាយើងទាំងអស់គ្នានៅទីនេះមិនភ្លេចការលះបង់សាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជនរបស់យើង ហើយក៏មិនបានភ្លេចដែរ ចំពោះបងប្អូនប្រជាពលរដ្ឋប្រមាណជិត៨ម៉ឺននាក់ ដែលជាជនភៀសសឹក មិនទាន់អាចត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញបាននាពេលនេះ។

ឯកឧត្តមបានស្នើឱ្យជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាឱ្យបាននូវឯកភាពជាតិ ដើម្បីឆ្លងផុតឧបសគ្គនានាទាំងអស់គ្នា និងលើកទឹកចិត្តឱ្យបន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅគ្រប់កាលៈទេសៈ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ និងដើម្បីអនាគតនៃកូនចៅជំនាន់ក្រោយ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិតរៀបចំ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមចំណែកធ្វើឱ្យគម្រោងនេះទទួលបានភាពជោគជ័យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានរៀបចំដោយជោគជ័យនៅខេត្តសៀមរាប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)