TNAOT News

· 7​ម៉ោង​មុន

កម្ពុជា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីគោលនយោបាយលំហអាកាសកម្ពុជា នៅខេត្តសៀមរាប

#ប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #លំហអាកាស# #សិក្ខាសាលា# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

1652

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «គោលនយោបាយលំហអាកាសកម្ពុជា» ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយការិយាល័យកិច្ចការអវកាសនៃអង្គការសហប្រជាជាតិ (UNOOSA) ដើម្បីប្រមូលធាតុចូលសំខាន់ៗក្នុងការកំណត់ទិសដៅអភិវឌ្ឍវិស័យអវកាសរបស់កម្ពុជាឱ្យស្របតាមស្ដង់ដារអន្តរជាតិ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ សិក្ខាសាលានេះមានគោលបំណងស្វែងយល់ពីបទពិសោធន៍ និងឧត្តមានុវត្តន៍អន្តរជាតិ ពាក់ព័ន្ធនឹងមូលដ្ឋានច្បាប់ ការគ្រប់គ្រង និងយន្តការសម្របសម្រួលវិស័យលំហអាកាស ព្រមទាំងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយលំហអាកាសជាតិឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ស្របតាមបទដ្ឋានអន្តរជាតិ និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងបរិបទកម្ពុជា។គួរបញ្ជាក់ផងដែរថា ការរៀបចំគោលនយោបាយនេះ នឹងជាមូលដ្ឋានសំខាន់សម្រាប់ការកំណត់ទិសដៅអភិវឌ្ឍវិស័យអវកាសរយៈពេលវែង រួមទាំងការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងការចូលរួមពីវិស័យឯកជន។ ជាពិសេស វានឹងរួមចំណែកលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាអវកាស និងទិន្នន័យផ្កាយរណប ដើម្បីគាំទ្រការគ្រប់គ្រងធនធានធម្មជាតិ ការរៀបចំផែនទី និងគ្រប់គ្រងប្រើប្រាស់ដីធ្លី ការព្យាករណ៍អាកាសធាតុ និងការឆ្លើយតបគ្រោះមហន្តរាយ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។លើសពីនេះ គោលនយោបាយលំហអាកាសកម្ពុជា នឹងជួយបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចឌីជីថល បង្កើនការប្រកួតប្រជែងជាតិ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន និងចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាល៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស