TNAOT News

· ម្សិលមិញ

ក្រសួងការងារ បង្ហាញលទ្ធផលពីករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល

#បណ្តុះបណ្តាលវិជ្ជាជីវៈ# #ក្រសួងការងារ# #កម្មករ# #NEW NEWS# #ខេត្តកណ្តាល# #សង្គម# #ព័ត៌មានសង្គម#

1903

ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយ។ នេះបើតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ លោក ស៊ុន មេសា បានបញ្ជាក់ថា «តាមការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមអធិការកិច្ចការងារពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការមិនមែនជាមូលហេតុដែលបណ្ដាលឱ្យកម្មករនិយោជិតដួលសន្លប់ឡើយ»។

បើតាមលោក ស៊ុន មេសា នៅព្រឹកថ្ងៃទី២ ខែមីនានេះ កម្មករនិយោជិតបានចូលធ្វើការជាធម្មតា ក្នុងនោះក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់ មានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតា ខណៈកម្មករ ២រូបផ្សេងទៀត បានស្នើសុំច្បាប់ឈប់សម្រាក។ ដោយឡែក ក្រុមគ្រួសារសព ក៏បានទទួលអត្ថប្រយោជន៍ប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀលស្របតាមច្បាប់ ខណៈក្រុមជំនាញនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) របស់ក្រសួងការងារ នៅថ្ងៃទី២ខែមីនា ឆ្នាំ២០២៦នេះ កំពុងរៀបចំអង្កេតឧត្តរជីវី ដើម្បីផ្តល់អត្ថប្រយោជន៍ជូនគ្រួសារស្របតាមច្បាប់។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានកម្មការិនីម្នាក់ឈ្មោះ យឹម រីន អាយុ៣៤ឆ្នាំ បានទទួលមរណភាព ដោយសារដាច់សរសៃឈាមខួរក្បាលនៅម៉ោង ៧ព្រឹក បន្ទាប់ពីបានមើលព័ត៌មានដ៏រន្ធត់ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យតក់ស្លុត ភិតភ័យរហូត ងងឹងមុខ និងបានដួលសន្លប់នៅកន្លែងធ្វើការ និងបានបាត់បង់ជីវិតនៅតាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ភ្លាមនោះៗ ក៏មានកម្មការិនី ២០នាក់ផ្សេងទៀតដែលជាមិត្តរួមការងារ ក៏បានសន្លប់បន្តបន្ទាប់គ្នា ក្រោយពីទទួលដំណឹងថា កម្មការិនី យឹម រីន បានទទួលមរណភាព។

ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក្រោយមានហេតុការណ៍នៃការដួលសន្លប់នៅក្នុងរោងចក្រ ខេមបូ យូនីសូល ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានកើនឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃក្រសួងការងារ បានទៅចុះត្រួតពិនិត្យភ្លាមៗម្តងរួចមកហើយ ដើម្បីពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ក្នុងការធានាពីសុវត្ថិភាពជូនកម្មករនិយោជិត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស