TNAOT News

· 9​ម៉ោង​មុន

កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

#បណ្តេញចេញ# #NEW NEWS# #សង្គម# #ជនជាតិកូរ៉េខាងត្បូង# #ព័ត៌មានសង្គម#

1775

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន២០៩នាក់ ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត ស្របតាមការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងប្រតិបត្តិការបង្រ្កាបនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងភូមាចំនួន១៣៦នាក់ដែលត្រូវបានបង្ក្រាប និងបណ្តេញចេញពីកម្ពុជា។ ក្នុងចំណោមជនបរទេសទាំង២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។

នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ២៤៤នាក់ផងដែរ។

ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវ វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជនទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

គួររម្លឹកថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។

ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។ ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)