TNAOT News

· 14​ម៉ោង​មុន

សាធារណរដ្ឋកូរ៉េបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

#NEW NEWS# #រដ្ឋសភា# #សង្គម# #ព័ត៌មានសង្គម# #សាធារណរដ្ឋកូរ៉េ#

1597

នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា ទំាងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកម គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តមនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់កម្រិតខ្ពស់ថ្មីមួយនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមសហការជាមួយកម្ពុជា នៅក្នុងការបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលថ្មីៗនេះ។ សម្តេចបានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការច្បាស់លាស់និងតឹងរ៉ឹងជាទីបំផុតក្នុងការបង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ។

ក្នុងឱកាសនោះ លោក គីម ឆាងយ៉ុង បានជម្រាបសម្តេចពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធារណរដ្ឋកូរ៉េបាននឹងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA) និងបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជា។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េត្រៀមខ្លួនក្នុងជួយដល់កម្ពុជាក្នុងការកសាង និងលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។ 

ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូតខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម ដោយសាធារណរដ្ឋកូរ៉េកំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកទាំងឡាយនោះ។

ឯកអគ្គរដ្ឋទូតបានស្នើសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU) ដោយសម្តេចរដ្ឋសភាធិបតី គូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាគំាទ្រចំពោះសំណើរបស់ភាគីសាធារណរដ្ឋកូរ៉េក្នុងការដាក់ស្នើបេក្ខភាពជាអគ្គលេខាធិការ(IPU) អាណត្តិថ្មីនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)