TNAOT News
· ម្សិលមិញ
អ្នកនាំពាក្យ៖ គុណភាពខ្យល់នៅកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ
#NEW NEWS# #ឯកឧត្តម ខ្វៃ អាទិត្យា# #សង្គម# #គុណភាពខ្យល់# #ព័ត៌មានសង្គម#
1990
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យាបានលើកឡើងថា កម្ពុជាមិនមែនបំពុលខ្យល់ដល់ប្រទេសណាឡើយ ខណៈវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ត្រូវបានផ្សព្វផ្សាយនិងពង្រឹងការអនុវត្តនៅទូទាំងប្រទេស។
ឯកឧត្តម ខ្វៃ អាទិត្យា ថ្លែងដូចនេះក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។
ជាក់ស្តែងក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះទេ។ កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់តាមផ្កាយរណប ចំនួន១ ទីតាំង។ លើសពីនេះ ក្រសួងបរិស្ថានមានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ ចល័តចំនួន៣គ្រឿងសម្រាប់ចុះត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស។
ឧបករណ៍និងស្ថានីយទាំងអស់ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មានគុណភាពល្អ អនុលោមតាមកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ របស់ជាតិ ដែលភាគល្អិតនិចល PM 2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង មានការប្រែប្រួល ពី ១០ µg/m3 ទៅ៣៧ µg/m3 ខណៈស្តង់ដាគុណភាខ្យល់ជាតិត្រូវបានកំណត់ យក ៥០ µg/m3។
លើសពីនេះ កម្ពុជាមិនដែលលាក់ព័ត៌មានស្តីពីគុណភាពខ្យល់សាធារណៈនោះទេ។ ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំនិងដោយផ្ទាល់ក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោង ក្នុងប្រទេសកម្ពុជា លើវេបសាយរបស់ក្រសួងបរិស្ថាន https://airquality.moe.gov.kh/home និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន និងរបស់មន្ទីរបរិស្ថានទូទាំងប្រទេស រួមជាមួយសារព័ត៌មានមួយចំនួនបន្ថែមទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)