TNAOT News
· ម្សិលមិញ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះសកម្មភាពកម្ទេចផ្ទះសម្បែងពលរដ្ឋរបស់យោធាថៃ
#ប្រទេសកម្ពុជា# #ផ្ទះសម្បែង# #NEW NEWS# #យោធាថៃ# #សង្គម# #សិទ្ធិមនុស្ស# #ព័ត៌មានសង្គម#
1919
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពានប្រាប់មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សារវាង ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េ មី និងលោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។
ឆ្លៀតក្នុងឱកាសនេះ មុនពេលចាប់ផ្តើមការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ គ.ស.ម.ក. បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ដោយបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។
គ.ស.ម.ក. បានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារ ជាដើម។
ទន្ទឹមនេះ លោក Benjamin Moreau ក៏បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ គ.ស.ម.ក. ជាមួយនឹង OHCHR។ បន្ថែមលើនេះ សម្រាប់ឆ្នាំ២០២៦ ភាគីទាំងពីរនឹងសហការលើវិស័យអទិភាពចំនួន៥ រួមមាន៖ (១) ការអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) (២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) (៣) ការបន្តផ្តល់សម្ភារៈនិងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៤) ការកសាងសមត្ថភាពមន្រ្តីរាជការ និង (៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
ជាចុងក្រោយ ភាគីទាំងពីបានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)