TNAOT News

· 19​ម៉ោង​មុន

ក្រសួងកសិកម្ម សហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ខេត្តសៀមរាប ដាំបន្លែលើផ្ទៃដី ២ហិកតា ដើម្បីផ្គត់ផ្គង់ស្បៀងដល់ជនភៀសសឹក

#NEW NEWS# #ដាំបន្លែ# #សង្គម# #ជនភៀសសឹក# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

2042

ក្រុមការងារបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ដៃគ្នាជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប និងប្រជាពលរដ្ឋភៀសសឹក ចាប់ផ្ដើមយុទ្ធនាការដាំបន្លែបង្កបង្កើនផលដូចជា ត្រកួន ស្ពៃ និងផ្ទី ដែលជាប្រភេទបន្លែឆាប់ផ្ដល់ផល និងមានតម្រូវការខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ​ លើផ្ទៃដីប្រមាណ ២ហិកតា ស្ថិតក្នុងស្រុកប្រាសាទបាគង ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងលើកកម្ពស់ជីវភាពជូនពលរដ្ឋដែលកំពុងរងគ្រោះ។

លោក សាយ តុម ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូនេះថា សកម្មភាពដាំដុះនេះ គឺជាការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមការផ្ដួចផ្ដើម និងបំផុសចលនារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែជំរុញឱ្យមានការដាំដុះបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋភៀសសឹក ដែលរងការវាយប្រហារដោយអាវុធនៅតាមព្រំដែនកម្ពុជាថៃ។

លោកបានបន្ដថា ចលនានេះ គឺដើម្បីបង្កើនភាពម្ចាស់ការ កាត់បន្ថយការចំណាយ និងពឹងផ្អែកលើទីផ្សារខាងក្រៅ, ធានាសន្តិសុខស្បៀង បង្កើនបរិមាណបន្លែសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ជាពិសេសការលើកកម្ពស់សុខុមាលភាព តាមរយៈទទួលបានបន្លែស្រស់ៗ និងមានជីវជាតិសម្រាប់ការហូបចុក របស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងតំបន់។ លោកបន្ដថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាស្បៀងចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អក្នុងការបង្កើត "សហគមន៍បៃតង" នៅតាមវត្តអារាម និងតំបន់ភៀសសឹកផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)