TNAOT News
· 2ម៉ោងមុន
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចុះជួបពលរដ្ឋភៀសសឹក ដើម្បីគាំពារសុខភាពផ្លូវចិត្ត ដែលរងគ្រោះពីការឈ្លានពានពីយោធាថៃ
#សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា# #ការគាំពារ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
899
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំ «យុទ្ធនាការលើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដែលរងគ្រោះដោយសារការឈ្លានពានពីយោធាថៃ» នៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសខេត្តបន្ទាយមានជ័យដែលរងការវាយប្រហាយ៉ាងកំរោលខ្លាំងជាងគេពីសំណាក់យោធាថៃ។
លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានគូសបញ្ជាក់ថា ការឈ្លានពានដោយកម្រោលនិងឥតរើសមុខពីសំណាក់យោធាថៃ នៅតាមខេត្តជាប់បណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឲ្យប្រជាជនច្រើនជាងកន្លះលាននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួនមករស់នៅទីតាំងមានសុវត្ថិភាព ក្រោមជំនួយរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រៅពីតម្រូវការជំនួយជាស្បៀង និងសម្ភារៈបរិក្ខា បម្រើដល់ការរស់នៅប្រចាំថ្ងៃ បងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសស្ដ្រី និងកុមារ ទទួលរងនូវការប៉ះពាល់ផ្លូវចិត្ត បន្ទាប់ពីត្រូវជម្លៀសចេញពីផ្ទះសម្បែង និងមួយចំនួនត្រូវព្រាត់ប្រាស ឬបាត់បង់គ្រួសារជាដើម។
លោកជំទាវអនុរដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ សមាគមនឹងចុះជួយជនភៀសសឹក ដោយរៀបចំសកម្មភាពមួយចំនួនដូចជា៖ ១. ផ្តល់វិធីសាស្ត្រអប់រំផ្លូវចិត្ត ២. លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ៣. ផ្តល់ការឧបត្ថម្ភសម្ភារៈផ្សេងៗ ៤. រៀបចំកម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះ។
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមអំពាវនាវដល់អតីតប្រតិភូគ្រប់ជំនាន់ និងសាធារណជនទូទៅ សូមចូលរួមយុទ្ធនាការគាំពារសុខភាពផ្លូវចិត្តជនភៀសសឹក តាមរយៈការបរិច្ចាគថវិកា ឬសម្ភារៈ និងចូលរួមដោយផ្ទាល់ ដើម្បីផ្តល់ការគាំទ្រ ផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ ដល់បងប្អូនជនភៀសសឹក ដែលកំពុងទទួលរងផលប៉ះពាល់សុខភាពផ្លូវចិត្ត។ ការចូលរួមក្នុងបេសកកម្មនេះ ទោះតិចឬច្រើន ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ក្នុងពេលដែលជនភៀសសឹករបស់យើង បានកើនឡើងដល់ជាងកន្លះលាននាក់ នៅតាមបណ្ដាខេត្តនានាទាំងនៅជាប់ព្រំដែនប្រទេសថៃ និងខេត្តដទៃទៀត។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការបរិច្ចាគក្ដី ទាក់ទងនឹងការចូលរួមជាមួយយើងខ្ញុំក្ដី សូមទាក់ទងក្រុមការងារ ដូចមានលេខទូរសព្ទ៖ 093 719 013។
គួរបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា កាលពីអំឡុងខែកក្កដា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្តដល់ជនភៀសសឹក បានចំនួន២លើករួចមកហើយ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ សម្រាប់យុទ្ធនាការលើកទី៣ សមាគមននឹងបង្វែរទិសដៅទៅខេត្តបន្ទាយមានជ័យ ជាខេត្តជាប់ព្រំដែនប្រទេសថៃដែលមានចំនួនជនភៀសសឹកច្រើនជាងគេបង្អស់ គឺជាង៥ម៉ឺនគ្រួសារ ស្មើនឹងជាង១៧ម៉ឺននាក់ និងកំពុងបន្តរងការឈ្លានពាន និងបាញ់សង្រ្គប់ទាំងផ្លូវអាកាស និងផ្លូវគោកពីសំណាក់យោធាថៃជារៀងរាល់ថ្ងៃ៕ 
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)