TNAOT News

· ម្សិលមិញ

OHCHR បង្ហាញការតក់ស្លុតពេលថៃ ប្រើយន្តហោះចម្បាំងវាយប្រហារទីតាំងវប្បធម៌

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #OHCHR#

2014

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស លោក Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួល របាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ជ្រួន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។

លោកបានរម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ ជាប់នៅក្នុង អគារនិងតំបន់កាស៊ីណូដែលរងការវាយប្រហារ។ ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការវាយប្រហារ ត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការ បែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជន ស៊ីវិល។

លោក Volker Turk បានអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារជាបន្ទាន់ និង វិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូរឡាឡាំពួ។ ឯកឧត្តមបានបញ្ជាក់ បន្ថែមថា ក្រុមការងាររបស់ឯកឧត្តមត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារ ជីវិតនិងសុខុមាលភាពរបស់ប្រជាជនស៊ីវិល គឺជាអាទិភាព៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)