TNAOT News
· ម្សិលមិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកសារព័ត៌មានឱ្យរក្សាវិជ្ជាជីវៈ ក្នុងអំឡុងរាយការណ៍ពី «ជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ»
#សម្ដេចធិបតី ហ៊ុន ម៉ាណែត# #ប្រទេសកម្ពុជា# #អ្នកសារព័ត៌មាន# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម#
1888
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះ វេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ប្រធានបទ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ជាប្រធានបទដ៏មានសារៈសំខាន់ក្នុងអំឡុងពេល នៃជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជម្លោះព្រំដែននៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ មិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិ នយោបាយការទូត សមរភូមិព័ត៌មាននិងសាធារណមតិ ដែលភាគីជម្លោះ និងជន៍ឱកាសនិយមបានប្រើប្រាស់ គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម តាមគ្រប់រូបភាពក្នុងគោលបំណងដណ្ដើម យកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់នូវឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មកពីអង្គភាពនានា បានជួបជុំពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធស្ដីពីបញ្ហាប្រឈម និង ដំណោះស្រាយ សម្រាប់លើកទិសដៅអនុវត្តបន្ត សំដៅតម្រង់ទិសនិងជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារ កាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវ ព្រមទាំងចូលរួមលើកកម្ពស់ សិទ្ធិសេរីភាពសារព័ត៌មាន ស្របតាមគោលការណ៍ច្បាប់ លទ្ធិប្រជាធិបតេយ្យ និងចូលរួមចំណែករក្សា សណ្តាប់ធ្នាប់សារព័ត៌មាន និងសន្តិសុខព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានដាក់ចេញនូវវិធានការនានាក្នុងការគ្រប់គ្រង ផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយដល់សាធារណជន ធ្វើការតម្រង់ទិស និងសម្របសម្រួលការងារជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្នុងការចុះយកព័ត៌មានដល់ទីតាំងផ្ទាល់ ដើម្បី ផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ និងពិភពលោកបានយល់ដឹងអំពីសភាពការណ៍ពិតនៃបញ្ហា ជម្លោះព្រំដែនដែលបានកើតឡើង និងបន្ថយកម្ដៅភាពតានតឹងទាំងយោធា និងសមរភូមិនយោបាយ ការទូត សតិអារម្មណ៍ និងជាពិសេសឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃឬប្រឌិត និងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ញុះញង់ បញ្ឆេះកំហឹង ដើម្បីបង្កើតឱ្យមានអរិភាពជាតិសាសន៍ និងជំរុញស្ថានការណ៍ ឱ្យកាន់តែមានភាពតានតឹង ដែលអាចពង្រីកពីការប៉ះទង្គិចដោយប្រដាប់អាវុធទៅជាសង្គ្រាមរវាងប្រទេស និងប្រទេស”។ 
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាត្រូវការសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៅលើសកលលោក និងកសាងសន្តិភាពទាំងនៅក្នុងតំបន់និងសកលលោក ដើម្បីរក្សាអាយុជីវិតនិងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងភាពជាដៃគូមិនអាចខ្វះបានជាមួយអ្នកសារព័ត៌មានក្នុង ក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)