TNAOT News

· ម្សិលមិញ

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម វាយតម្លៃខ្ពស់ទៅលើគម្រោងCAPFISH-Capture ចូលរួមចំណែកយ៉ាងសំខាន់ក្នុងអភិរក្សវិស័យជលផលនៅកម្ពុជា

#ប្រទេសកម្ពុជា# #អ្នកនេសាទ# #ក្រសួងកសិកម្ម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #វិស័យជលផល#

1901

ថ្លែងឱ្យដឹងក្នុងពិធីបិទបញ្ចប់គម្រោងជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាលទ្ធផលសម្រេចបានជាទីមោទនៈរបស់កម្មវិធី CAPFISH-Capture ។ យ៉ាងណាមិញ តាមរយៈការគាំទ្រថវិកាដោយផ្ទាល់របស់សហគមន៍អឺរ៉ុបដល់រដ្ឋបាលជលផល និងជំនួយបច្ចេកទេស របស់អង្គការ FAO កម្មវិធី CAPFISH-Capture ដែលអនុវត្តពីឆ្នាំ ២០១៩ ដល់ ២០២៥ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផលទឹកសាប សមុទ និង តំបន់ឆ្នេរ។ ឯកឧត្តមរដ្ឋលេខាធិការូបនេះ បានបន្ថែមថា ការធ្វើទំនើបកម្មការគ្រប់គ្រងវិស័យជលផល និងការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងស្ថាប័ន ការរៀបចំក្របខណ្ឌច្បាប់ដូចជាការធ្វើច្បាប់ជលផលថ្មី ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ការបោះបង្គោលព្រំ ការដាក់ពង្រាយ ជម្រកត្រីសិប្បនិម្មិត ការពង្រឹងសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ។ល។

ឯកឧត្តម ប្រាក់ ដាវីដ បានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំចង់បញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ផលនេសាទរបស់យើងមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយការរឹតបន្តឹងការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសនេសាទ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនផលនេសាទនេះ។”ឯកឧត្តម បានគូសបញ្ជាក់ថា ច្បាប់ជលផលថ្មីដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែមិថុនាឆ្នាំ២០២៥ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏ រឹងមាំសម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍនធនធានជលផលប្រកបដោយប្រសិទ្ធភាព និង និរន្តរភាព សំដៅលើកកម្ពស់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ ព្រមទាំងធានាដល់ការការពារសិទ្ធិ និង ផលប្រយោជន៍របស់ប្រជានេសាទ ជាពិសេស សហគមន៍នេសាទ។

លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (Food and Agriculture Organization of the United Nations – FAO) បានលើកឡើងថា ក្នុងរយៈពេលប្រាំមួយឆ្នាំ FAO បានគាំទ្រយន្តការសម្របសម្រួលសម្រាប់តំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាប បង្កើតផែនការគ្រប់គ្រងការទប់ស្កាត់ភ្លើងឆេះព្រៃដែលជន់លិចក្នុងខេត្តចំនួនប្រាំមួយ និងពង្រឹងប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងតាមដាន ខណៈមន្ត្រីអនុរក្សជាង ២០០ នាក់ត្រូវបានបណ្តុះបណ្តាល ហើយឧបករណ៍ដូចជា SMART និងប្រព័ន្ធត្រួតពិនិត្យនាវា VMS ឥឡូវនេះកំពុងធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យ និងការការពារធនធានជលផល។

លោកស្រី Rebekah បានបន្ថែមថា FAO នឹងបន្តគាំទ្ររដ្ឋបាលជលផល និងដៃគូនានា នៅពេលដែលវិស័យនេះសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន រួមទាំងការប្រែប្រួលអាកាសធាតុ។ ការផ្តោតអារម្មណ៍របស់យើងនឹងផ្តោតលើការបង្រួបបង្រួមប្រាក់ចំណេញដែលសម្រេចបានក្នុងរយៈពេលប្រាំមួយឆ្នាំនេះ ដើម្បីគាំទ្រដល់ប្រតិបត្តិការនៃច្បាប់ថ្មី ការពង្រឹងការប្រើប្រាស់ប្រព័ន្ធព័ត៌មានក្នុងដំណើរការគោលនយោបាយ និងនិរន្តរភាពនៃសន្ទុះតាមរយៈការគ្រប់គ្រងសហគមន៍ ការធ្វើពិពិធកម្មជីវភាពរស់នៅ និងដំណោះស្រាយឆ្លាតវៃអាកាសធាតុផងដែរ។

លោកស្រី Rebekah Bell បានលើកឡើងថា៖ “ការបញ្ចប់នៃកម្មវិធី CAPFISH-Capture មិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការប្រគល់កេរដំណែលរយៈពេលប្រាំមួយឆ្នាំ ដល់ប្រព័ន្ធជាតិ ស្ថាប័ន និងមនុស្ស ដែលឥឡូវនេះត្រូវបានបំពាក់ឱ្យកាន់តែប្រសើរឡើងដើម្បីដឹកនាំសករាជបន្តបន្ទាប់ទៀត។ FAO សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងដៃគូទាំងអស់សម្រាប់ការដឹកនាំរួមគ្នា និងការប្តេជ្ញាចិត្តចំពោះសមិទ្ធផលនេះ។” 

លោក Koen Everaert លេខាធិការទី១ និងជាអនុប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប បានលើកឡើងថា បើទោះបីជាជាគម្រោង CAPFISH-Capture ត្រូវបានបិទបញ្ចប់ ប៉ុន្តែសហភាពអឺរ៉ុប នៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពោល គឺកន្លងមក EU បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ដោយផ្ដោតសំខាន់ទៅលើផលិតផល ស្វាយចន្ទី និងដំណាំផ្សេងៗដើម្បីផលិតនាំចេញទៅក្រៅប្រទេស និងផ្គត់ផ្គង់ក្នុងស្រុក។ 

លោកបានបន្ថែមថា សម្រាប់គម្រោងបន្ទាប់ សហភាពអឺរ៉ុបនឹងបន្តគាំទ្ររដ្ឋាភិបាលទៅលើវិស័យអប់ និងផ្នែកស្រាវជ្រាវ ដោយនឹងគាំទ្រទៅលើក្រសួងកសិកម្មក្នុងការធ្វើមន្ទីរពិសោធន៍សម្រាប់វិស័យកសិកម្ម ជាពិសេស ក្នុងការស្វែងរកវិធីសាស្រ្តនានា ដើម្បីគាំទ្រផែនការសកម្មភាពទាំងនេះឱ្យលេចរូបរាង និងជោគជ័យនាពេលអនាគត។ 

គួរបញ្ជាក់ថា ក្នុងការអនុវត្តន៍គម្រោងរយៈពេល៦ឆ្នាំ ពោល គឺ (ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៥) សហភាពអឺរ៉ុបបានចាប់ផ្តើមអនុវត្តន៍កម្មវិធីគម្រោង CAPFISH-Capture ដែលមានទឹកប្រាក់ ៩៣ លានអឺរ៉ូ ស្មើនិងប្រមាណជាង ១០០លានដុល្លារ ដែលជាការវិនិយោគដ៏ធំបំផុតដែលមិនធ្លាប់មាន នៅក្នុងវិស័យជលផលរបស់កម្ពុជា។ កម្មវិធីនេះត្រូវបានអនុវត្ត តាមរយៈការផ្តល់ការគាំទ្រថវិកាដល់រដ្ឋបាលជលផល (FiA) និងជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)