TNAOT News

· ម្សិលមិញ

កម្ពុជាទទួលបានវត្ថុបុរាណខ្មែរ ចំនួន៣រូប ពីវិទ្យាស្ថានស្មិតសូនីញាន

#NEW NEWS# #វត្ថុបុរាណខ្មែរ# #សង្គម# #ព័ត៌មានសង្គម#

1946

បន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។

ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តនិងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការស្តារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា។ នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ី ក្នុងការបញ្ជូនសម្បត្តិវប្បធម៌មកប្រទេស ដើមវិញ ក្រោមគោលការណ៍នៃក្រមសីលធម៌របស់វិទ្យាស្ថានស្និតសូនីញាន។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។

លោកជំទាវបណ្ឌិតសភាចារ្យ សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្និតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍ក្រម សីលធម៌នេះ ដែលជាគោលការណ៍ផ្តល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សារមន្ទីរជាតិសិល្បៈអាស៊ី និងលោកប្រធាន Chase Robinson ជាពិសេសក្រុមការងារស្រាវជ្រាវ និង អភិរក្ស ដែលបានជួយកិច្ចការនេះឱ្យសម្រេចទៅបាន រួមទាំងស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រុមការងាររបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមការងារស្រាវជ្រាវជាតិនិងអន្តរជាតិ និងមន្ត្រីសារមន្ទីរដែលបានជួយគាំទ្រ និងថ្លែងអំណរគុណជាពិសេសដល់លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia ជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួង និងកញ្ញា Melina Antoniadis នៃ NOTOS Strategies ដែលបានចូលរួមចរចានិងសម្របសម្រួលលើកិច្ចការនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)