TNAOT News

· 3​ម៉ោង​មុន

យុគសម័យថ្មីសម្រាប់វិស័យជលផល៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគា៍នៃការអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា

#NEW NEWS# #សង្គម# #ការអភិរក្ស# #ព័ត៌មានសង្គម# #វិស័យជលផល#

801

ជលផលសមុទ្ររបស់កម្ពុជាគឺជាចំណុចស្នូលនៃសន្តិសុខស្បៀងជាតិ ជីវភាពរស់នៅ និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។ នៅពេលដែលមានសម្ពាធដាក់ទៅលើធនធានសមុទ្រកើនឡើង ឌីជីថលូបនីយកម្មបានក្លាយជារឿងសំខាន់សម្រាប់ការពង្រឹង ការត្រួតពិនិត្យ ការគ្រប់គ្រង ការឃ្លាំមើល និងការអនុវត្តច្បាប់ ដែលជំរុញអោយមានការកែលម្អនូវតម្លាភាព និងធានាអោយមាននិរន្តរភាពរយៈពេលវែង។

យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ២០១៩ កម្មវិធី CAPFISH-Captureដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប និងអនុវត្តដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានជំនួយបច្ចេកទេសពី អង្គការFAO បានធ្វើការនៅទូទាំង ២៥ ខេត្តក្រុង នៃប្រទេសកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងការនេសាទ ប្រព័ន្ធអនុវត្តច្បាប់ និងការចូលរួមរបស់សហគមន៍ទូទាំងប្រទេស។

CAPFISH-Capture ត្រូវបានបំពេញបន្ថែមដោយកម្មវិធី CAPFISH-Aquaculture ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប និងអនុវត្តដោយ រដ្ឋបាលជលផល នៅតាមបណ្តាខេត្តចំនួន ១០ ដោយមានការគាំទ្រពី ភ្នាក់ងារអភិវឌ្ឍបារាំង AFD ដែលផ្តោតលើការអភិវឌ្ឍវារីវប្បកម្មប្រកបដោយចីរភាព និងភាពធន់។ 

អាទិភាពទាំងនេះត្រូវបានលើកឡើងក្នុងអំឡុងពេលដែលមាន បេសកកម្មដោយមានការចូលរួមពីប្រតិភូជាន់ខ្ពស់ទៅកាន់ស្ទឹងហាវនិងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទសមុទ្រ (MaFReDI) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម ប្រាក់ ដេវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអមដំណើរដោយលោក ឃូន អេវើរើត លេខាធិការទីមួយ និងជាអនុប្រធានកិច្ចសហប្រតិបត្តិការសម្រាប់គណៈប្រតិភូសហភាពអឺរ៉ុបនិងលោកស្រី រេបេកា ប៊ែល តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអនុវត្តឧបករណ៍ឌីជីថល មានដូចជា ប្រព័ន្ធត្រួត ពិនិត្យនាវា (VMS) SMART និង FishStat ក្នុងការគ្រប់គ្រងជលផលសមុទ្រ ហើយកម្មវិធីនេះផងដែរក៏មានការប្រគល់រថយន្តពិសោធន៍ចល័តសម្រាប់សុខភាពវារីសត្វទៅឱ្យរដ្ឋបាលជលផល (FiA)។

កម្មវិធីនេះបានជួយធ្វើទំនើបកម្ម ការត្រួតពិនិត្យការនេសាទនៅទូទាំងប្រទេសកម្ពុជា ដោយបានបណ្តុះបណ្តាល  មន្ត្រីជលផលជាង២០០នាក់ ឱ្យចេះប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងរាយការណ៍ (SMART) ដែលការអង្កេតនេះទទួលបានជាង៤០,០០០ដងក្នុងមួយឆ្នាំ។ មន្ត្រី២៥០នាក់ផ្សេង ទៀតត្រូវបានបណ្តុះបណ្តាល ជំនាញ    សំខាន់ៗដូចជា GPS/GIS ការត្រួតពិនិត្យទីតាំងចុះចត ប្រតិបត្តិការល្បាត និងការកំណត់ឧបករណ៍នេសាទខុសច្បាប់។ ដើម្បីពង្រឹងការត្រួតពិនិត្យ និងការអនុវត្តច្បាប់ កម្មវិធីនេះបានកែលម្អប្រព័ន្ធត្រួតពិនិត្យនាវានេសាទ (VMS) បានដំឡើងឧបករណ៍ចំនួន១៧២៥ នៅលើនាវានេសាទ គូសផែនទីតំបន់ដែលមានហានិភ័យខ្ពស់ កំណត់ស្តង់ដារថ្មីសម្រាប់ទូកល្បាត និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការកំណត់យកខេត្តកោះកុងជាកំពង់ផែដំបូងគេដែលអនុលោមតាម កិច្ចព្រមព្រៀងវិធានការរដ្ឋម្ចាស់កំពង់ផែ PSMA។

កម្មវិធីនេះក៏បានរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាពផែនការអនុវត្តច្បាប់ជលផលជាតិ និងគាំទ្រដល់ការធ្វើផែនការដ៏ទូលំទូលាយសម្រាប់ការគ្រប់គ្រងការនេសាទទាំងឆ្នេរសមុទ្រ និងទឹកសាប។

តាមរយៈការផ្លាស់ប្តូរនៃបែបផែនឌីជីថលនេះ ត្រូវបានបំពេញបន្ថែមដោយកំណែទម្រង់ច្បាប់ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យជលផលរបស់ប្រទេសកម្ពុជា។ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO កម្ពុជាបានបញ្ចប់ច្បាប់ជលផលថ្មីមួយ ដែលមានអនុក្រឹត្យចំនួន១៣ និងបទប្បញ្ញត្តិអនុវត្តចំនួន៣៣ ដោយធ្វើឱ្យច្បាប់ជាតិស្របនឹងស្តង់ដារអន្តរជាតិសម្រាប់ លប់បំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញតិ ។ កំណែទម្រង់នេះ រួមមានការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធចំនួន ៨៧៧ នាក់ ដែលមាន៦៣ ភាគរយជាស្ត្រី មកពី២៥ សហគមន៍នេសាទដើម្បីធានាថាច្បាប់នេះឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដរបស់សហគមន៍។

ដោយបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ជាតិនៃកំណែទម្រង់ទាំងនេះ ឯកឧត្តម ប្រាក់ ដេវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “ការបង្ហាញនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់កម្ពុជាចំពោះការអភិវឌ្ឍជាតិតាមរយៈការគ្រប់គ្រងការនេសាទ ប្រកបដោយភាពឆ្លាតវៃ និងមានតម្លាភាពជាងមុន។ ឧបករណ៍ឌីជីថលដូចជា VMS, SMART និង FishStat បង្កើនការអនុលោមទៅតាមច្បាប់ ការពារធនធាន    សមុទ្ររបស់យើង និងគាំទ្រដល់សុខុមាលភាពរយៈពេលវែងរបស់សហគមន៍តឆ្នេំបន់រសមុទ្រ និងប្រទេសជាតិ។

លោក Koen Everaert លេខាធិការទីមួយ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុប បានកត់សម្គាល់ថា “សហភាពអឺរ៉ុបមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើកម្មវិធី EU-CAPFISH-Capture ដែលជាការវិនិយោគដ៏សំខាន់មួយនៅក្នុងវិស័យជលផល។ ថ្ងៃនេះ យើងបង្ហាញពីវឌ្ឍនភាពដែលបានធ្វើឡើងក្នុងការត្រួតពិនិត្យ និងអនុវត្តតាមបែបឌីជីថលតាមរយៈប្រព័ន្ធត្រួត  ពិនិត្យនាវានេសាទ (VMS)។ ជាមួយនឹងប្រព័ន្ធនេះ ជលផលនៅកម្ពុជានាពេលបច្ចុប្បន្ន អាចធានាទិន្នន័យបំពេញតម្រូវការតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ឧបករណ៍អផិបាលកិច្ចនេះនឹងបង្កើនសុវត្ថិភាពនៅសមុទ្រ កែលម្អការអភិរក្សធនធាន និងជួយធានាបាននូវនិរន្តរភាពរយៈពេលវែងរបស់វិស័យនេះ”។ 

លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ខណៈពេលដែល CAPFISH-Capture ជិតដល់ទីបញ្ចប់នៅឆ្នាំនេះ អ្វីដែលលេចធ្លោនោះគឺមិនត្រឹមតែឧបករណ៍ឌីជីថលដែលត្រូវបានដាក់ពង្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមត្ថភាពជាតិដែលបានកសាងឡើងដើម្បីបន្តកិច្ចការទាំងនេះ។ ឥឡូវនេះ ប្រទេសកម្ពុជាបានធ្វើអោយប្រព័ន្ធនេះមានភាពប្រសើរឡើង ក្របខ័ណ្ឌច្បាប់ក៏ប្រសើរជាងមុនចំនែកស្ថាប័នទៀតសោតក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំជំហ៊ានបន្ទាប់នៃវិស័យជលផលប្រកបដោយចីរភាព។ FAO មានមោទនភាពដែលបានសហការជាមួយ រដ្ឋបាលជលផល FiA, ក្រសួង កសិកម្ម MAFF, សហភាពអឺរ៉ុប EU និងសហគមន៍នៅតាមតំបន់ឆ្នេរក្នុងដំណើរនេះ ដើម្បីឆ្ពោះទៅរកការនេសាទដែលមានភាពធន់ និងមានតម្លាភាពជាងមុន ក្នុងន័យជំរុញផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតកាន់តែប្រសើរ ដោយមិនទុកនរណាម្នាក់ចោលឡើយ”។ 

លោក Patrick Renaud មន្ត្រីគម្រោងជាន់ខ្ពស់របស់ AFD បានសង្កត់ធ្ងន់ថា “តាមរយៈកម្មវិធី CAPFISH-Aquaculture AFD និង EU ប្តេជ្ញាគាំទ្រដល់ការរីកចំរើនប្រកបដោយចីរភាព។ រថយន្តពិសោធន៍ចល័តថ្មីនេះគឺជាទ្រព្យសម្បត្តិជាក់ស្តែង និងជាយុទ្ធសាស្ត្រសម្រាប់ FiA ដែលអាចឱ្យមានវិមជ្ឈការនៃសេវាកម្ម ការធ្វើរោគ     វិនិច្ឆ័យរហ័ស និងការបណ្តុះបណ្តាលពេទ្យផ្នែកវារីសត្វ។ ការវិនិយោគនេះពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជាសម្រាប់ការគ្រប់គ្រងសុខភាពរបស់វារីសត្វអោយមានភាពធន់។

កម្មវិធីនេះក៏បានជួយធ្វើទំនើបកម្ម ដល់ប្រទេសកម្ពុជាអំពីរបៀបប្រមូល និងគ្រប់គ្រងទិន្នន័យជលផលដោយបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មាននេសាទរួមបញ្ចូលគ្នា (FIMS) ដែលភ្ជាប់ជាមួយឧបករណ៍ដូចជា Kobo, FishStat និងគេហទំព័រ FiA។ វាបានគាំទ្រគោលការណ៍ណែនាំថ្មីសម្រាប់ការវាយតម្លៃនៃផលចាប់ត្រីទឹកសាប និងសមុទ្រ ព្រមទាំងពង្រឹងការវិភាគទិន្នន័យ និងការរាយការណ៍ជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវទឹកសាប IFReDI និង វិទ្យាស្ថានជាតិស្រាវជ្រាវទឹកសមុទ្រ MaFReDI៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)