TNAOT News
· ម្សិលមិញ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារៀបចំប្រារព្ធខួប ៧៥ឆ្នាំនៃទំនាក់ទំនងមិត្តភាព កម្ពុជា-សហរដ្ឋអាមេរិក នៅខេត្តសៀមរាប
#NEW NEWS# #សង្គម# #កម្ពុជា-សហរដ្ឋអាមេរិក# #ព័ត៌មានសង្គម# #សហរដ្ឋអាមេរិក#
1878
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកស្រី Bridgette Walkerជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនៃការប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ 
អ្នកស្រី Bridgette Walker បានថ្លែងនៅក្នុងការប្រារព្ធខួប៧៥ឆ្នាំនេះថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ សហរដ្ឋអាមេរិកនិងកម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន ដូចជា ការជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ផ្នែកអប់រំ ជួយជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគទុន ព្រមទាំងកិច្ចសហប្រតិបត្តិការរួមគ្នាផ្នែកយោធា ហើយនិងជួយដល់ការងារអភិរក្សវប្បធម៌និងសម្បត្តិបេតិកភណ្ឌជាដើម។ 
លោកជំទាវបណ្ឌិតសភា ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ទំនាក់ទំនងការទូតនិងមិត្តភាពរយៈពេល៧៥ឆ្នាំមកនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។ 
លោកជំទាវបញ្ជាក់ទៀតថា បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា គឺជាអរិយធម៌ដ៏អស្ចារ្យមួយរបស់ពិភពលោក ហើយរយៈពេលជាច្រើនទសវត្សរ៍មកនេះសហរដ្ឋអាមេរិក គឺជាដៃគូដ៏មានតម្លៃនៅក្នុងការងារអភិរក្ស។ រយៈពេលជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិប្រាសាទ(WMF) បានជួយលើកិច្ចការអភិរក្សវប្បធម៌ ជាច្រើន ដូចជាការពារសាស្ត្រាស្លឹករឹត សិល្បៈប្រពៃណី ការអប់រំប្រវត្តិសាស្ត្រនិងការជួសជុលប្រាសាទបុរាណនៅភ្នំបាខែង ព្រះខ័ន និងប្រាសាទតាសោម ជាដើម៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)