TNAOT News

· 2024-12-27

ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្របុរាណ ជាមួយក្រសួងសុខាភិបាលកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

4951

លេខាធិការនៃមន្ទីរពេទ្យឱសថបុរាណចិន ទីក្រុងសានថូវ បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសុខាភិបាល និងប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្របុរាណ ព្រមទាំងបានស្នើសុំការគាំទ្រពីក្រសួងសុខាភិបាលជាបន្តទៀត។

នេះបើតាមអត្ថន័យនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក LIN CHUANGJIAN លេខាធិការនៃមន្ទីរពេទ្យឱសថបុរាណចិន ទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្របុរាណរវាងកម្ពុជា-ចិន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសរំលេចអំពីជំនួយសហប្រតិបត្តិការរបស់សាធារណរដ្ឋប្រជាមានិតចិន ផ្នែកវេជ្ជសាស្រ្តបុរាណ លើការពង្រឹងសមត្ថភាព ទាំងធនធានមនុស្ស ទាំងស្ថាប័ន ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្រ្តបុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការនេះ ប៉ុន្តែបានស្នើសុំឱ្យមានការពិភាក្សាក្នុងក្របខណ្ឌបច្ចេកទេសរវាងភាគីទាងពីរ ដើម្បីឱ្យកិច្ចសហការ នេះឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូត្បូង-ពេជ្រកម្ពុជា-ចិន ក៏ដូចជាចូលរួមចំណែកឈានទៅសម្រេចផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឋិតថេរជាអនតៈផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)