TNAOT News

· 13​ម៉ោង​មុន

បណ្ណាល័យមេគង្គ-ឡានឆាង អំណោយមូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង ត្រូវសម្ពោធជាផ្លូវការ

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

2115

បណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនូវអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គពាក់ព័ន្ធនានា ជាពិសេសម្ចាស់អំណោយដែលបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលបណ្ណាល័យនេះនឹងក្លាយជារតនសម្បត្តិ ដល់សិស្សានុសិស្ស។

ជាមួយគ្នានេះ លោក អ៊ូ ឈាន់ពីង (Wu Chuanbing) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បាននិយាយថា «ឆ្នាំនេះគឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន»។ ប្រទេសចិននឹងអនុវត្តយ៉ាងសកម្មនូវគោលគំនិតនៃសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងគោលគំនិតនៃទំនាក់ទំនងការទូតផ្តោតលើមិត្តភាព ភក្តីភាព ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបរិយាប័ន្ន ដែលបានដាក់ចេញដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនានាក្នុងបណ្តោយដងទន្លេមេគង្គ ដែលក្នុងនោះរួមមានទាំងប្រទេសកម្ពុជា»។

គួរបញ្ជាក់ផងដែរថា តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នេះជាបណ្ណាល័យមេគង្គ-ឡានឆាង ទី២ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយបណ្ណាល័យមេគង្គ-ឡានឆាងទី១ ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រហារ ភូមិព្រះស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស