Cambo-China

· 12-15

គណៈប្រតិភូវិនិយោគិនចិនមានបំណងវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2541

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) ដែលមានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ គណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) មានគោលបំណងស្វែងយល់សក្តានុពលវិនិយោគការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ជូនថាអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ គម្រោងប្រភេទនេះជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានបរិយាយយ៉ាងក្បោះក្បាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ឯកឧត្តមអគ្គលេខាធិការបានស្នើឲ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនេះ។ជាការឆ្លើយតប លោក Wang Jiawei បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះ បានធ្វើឲ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការសម្រេចចិតបណ្តាក់ទុនវិនិយោគ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស