Cambo-China

· 12-10

ធនាគារជាតិនៃកម្ពុជា ស្នើដល់ភាគីចិនឲ្យគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2393

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិន។លោកជំទាវបណ្ឌិត ជា សិរី ស្នើដូចនេះក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដោយលោកជំទាវ ទេសាភិបាល បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា ជាមួយ ធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន។ លោកជំទាវបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ហើយក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ 

ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្ម និងវិស័យផ្សេងទៀតឲ្យកាន់តែរីកចម្រើន៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស