TNAOT News

· ម្សិលមិញ

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដោយបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត

#វិស័យអប់រំ# #NEW NEWS# #សង្គម# #រាជរដ្ឋាភិបាលកម្ពុជា# #ព័ត៌មានសង្គម#

2298

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។ តាមរយៈសារលិខិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់សម្តេចធិបតី​​ ហ៊ុន ណែត បានគូសបញ្ជាក់ថា សាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀន និងរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះ ក៏មានវិធានការគន្លឹះ ក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន។ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹងនិងពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយធានាថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និងលទ្ធផល សិក្សារបស់សិស្សបានល្អប្រសើរ។សម្តេចធិបតីនាយករដ្ឋន្រ្តីក៏បានស្នើដល់គ្រប់ស្ថាប័ន ភាគីពាក់ព័ន្ធ និងឪពុកម្តាយ អាណាព្យាបាលសិស្សានុសិស្ស ចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការរីកចម្រើន និងបន្តជួយ ឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស