TNAOT News

· 7​ម៉ោង​មុន

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំប្រណាំងទូកសាកល្បង មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

#NEW NEWS# #ព្រះរាជពិធីបុណ្យអុំទូក# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ#

2403

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងទៅថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រី សម្តែងសិល្បៈ និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗជាច្រើនទៀត។

ដូចនេះដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខាងលើ ឱ្យបានអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណីជាតិ និងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ» រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញនៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣ និង០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្តឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ក្នុងពិធីប្រណាំងទូកនេះ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទូកអុំ-ទូកចែវ រាជធានីភ្នំពេញទាំងអស់ចូលរួមឱ្យបានច្រើនកុះករ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស