TNAOT News

· 10-31

សម្ដេចតេជោ សម្របសម្រួលបញ្ចប់ជម្លោះរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងចាប់សត្វចិញ្ចឹម និងមិនបើកប្រាក់ឈ្នួល

#សម្ដេចតេជោ ហ៊ុន សែន# #សត្វចិញ្ចឹម# #សង្គម# #ឈ្លោះទាស់ទែង# #ព័ត៌មានសង្គម#

2939

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វសុនខ និងមិនបើកប្រាក់ឈ្នួល ព្រមទាំងផ្ដល់ប្រាក់១ម៉ឺនដុល្លារ និង៣៥លានរៀលសម្រាប់បង្កើតអាជីវកម្មឡដុតនំប៉័ង។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យឈ្មោះ ណន សុខហេង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយម្ចាស់ក្រុមហ៊ុនលក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ និងកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ឲ្យកម្មករ ណន សុខហេង ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ លើសពីនេះ និងបានណែនាំឲ្យយកចិត្តទុកដាក់ក្នុង ប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និងស្មោះត្រង់ជាមួយប្រពន្ធ។គួរឲ្យដឹងដែរថា ដើមចមនៃបណ្ដឹង រហូតឈានដល់ការចាប់ និងឃុំខ្លួនបុរសខាងលើនេះគឺ ស្ដ្រីដើមបណ្ដឹងមិនបានបើកលុយថ្លៃធ្វើការជាអ្នកបើកបររថយន្ដ ចំនួន៦០ម៉ឺនរៀល ឲ្យកម្មករ ណន សុខហេង នេះ ដោយសន្យាជាបន្ដបន្ទាប់។ ដោយសារចិត្តខឹង ក៏បានចាប់សត្វចិញ្ចឹមមួយក្បាលរបស់ស្ដ្រីដើមបណ្ដឹង រួចយកទៅស្រុកនៅខេត្តក្រចេះ។ពេលនោះភាគីទាំងពីរបានឈ្លោះទាស់ទែងគ្នា ហើយស្ដ្រីដើមបណ្ដឹង បានដាក់ពាក្យប្ដឹងទៅនគរបាលខណ្ឌសែនសុខ ហើយឈានដល់ការចាប់ខ្លួនបុរសខាងលើឈ្មោះ ណន សុខហេង។ រំលងបានប៉ុន្មានថ្ងៃ ក្រោយទទួលព័ត៌មានថា បុរសខាងលើត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួននោះ ធ្វើឲ្យរឿងរ៉ាវនេះបានផ្ទុះការវែកញែកគ្នានៅតាមបណ្ដាញសង្គម៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)