TNAOT News

· 09-13

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចបញ្ចប់កុងត្រាជាមួយលោក Felix Dalmas

#បាល់ទាត់កម្ពុជា# #TNAOT SPORT# #Felix Dalmas# #សហព័ន្ធកីឡាបាល់ទាត់កម្ពុជា# #កីឡា#

4838

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះបានប្រកាសបញ្ចប់កុងត្រាជាមួយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយ ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អប្រសើររយៈពេលជិត ១ឆ្នាំកន្លះកន្លងមក។ 

យោងតាមការប្រកាសលើគណនីបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា «គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Dalmas ចាប់ពីពេលនេះតទៅ»។ 

«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Felix Dalmas សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។ សូមជូនពរលោក Felix Dalmas ជួបតែភាពជោគជ័យ ល្អប្រសើរសម្រាប់ការងារបន្តរបស់ខ្លួននាថ្ងៃខាងមុខ»។ 

ការប្រកាសបញ្ចប់កុងត្រានេះដែរ បន្ទាប់ពីលោក Felix Dalmas ទើបដឹកនាំក្រុមគោព្រៃកម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2027 ក្រោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយការទាត់បាល់ប៉េណាល់ទី ៤ ទល់នឹង២ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២ ទល់នឹង២។ ការបរាជ័យនេះ បានធ្វើឲ្យអ្នកគាំទ្រមានការមិនពេញចិត្តជាខ្លាំង ដ្បិតការប្រកួតជម្រុះបឋម FIFA World Cup 2026 កម្ពុជាក៏ធ្លាក់ត្រឹមវគ្គជម្រុះបឋមផងដែរ។  

គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលសហព័ន្ធបានបញ្ចប់កុងត្រាជាមួយគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ ដ្បិតលើកទី១ លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមគ្រូបង្វឹក កំឡុងពេលលោក Keisuke Honda ជាអ្នកចាត់ការទូទៅ កាលពីចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ កាលនោះលោកធ្លាប់បានបង្កើតកំណត់ត្រាថ្មីៗឲ្យវិស័យកីឡាបាល់ទាត់កម្ពុជា ដោយបានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U22 LG Cup 2019 និងអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស